ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី២នាក់ ជិះម៉ូតូពីស្រុកកំណើត ត្រៀម​ចូល​ធ្វើការ​ស្អែក ស្រាប់តែជួបគ្រោះអកុសល ស្លា.ប់ម្នាក់ របួ.សធ្ងន់ម្នាក់​

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ជា​អ្នកបើកបរ​រថយន្ត​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ម្នាក់ បាន​ស្រវឹងស្រា​ទាំង​ថ្ងៃ ហើយ​បាន​បើក​បោះពួយ​រថយន្ត​ខាងលើ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​​កម្មការិនី​រោងចក្រ​២​នាក់​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ពីក្រោយ​ពេញទំហឹង និង​អូស​ជា​ច្រើន​ម៉ែត្រ បណ្ដាលឱ្យ​​ស្ត្រី​រង​គ្រោះ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​ម្នាក់​ទៀត​បាន​របួស​ធ្ងន់ធ្ងរ ចំណែក​បុរស​អ្នក​បើករថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​មហាជន​ឃាត់ខ្លួន​បាន ទាំង​នៅ​ក្នុង​ដៃ​កាន់​ស្រា​បៀរ​១​កំប៉ុង​ផឹក​ធ្វើ​ព្រងើយ​ដូច​អត់​មានរឿង​អ្វី​កើតឡើង​ថែម​ទៀត​ផង ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៦ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ត្រង់​ចំណុច​កែង​ផ្លូវ​បេតុង​ចូល​ផ្សារ​សាមគ្គី ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ខេ​ង សារ៉ូ អាយុ​២៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​បឹង ឃុំ​ជើង​ដើ​ង ស្រុក​បា​រយ​ណ៍ ខេត្តកំពង់ធំ ។ ​ចំណែក​ស្ត្រី​អ្នក​រង​របួសធ្ងន់​ឈ្មោះ​ជួន សុខ​ឡែ​ន អាយុ​២៧​ឆ្នាំ មុខរបរ​បរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយ​អ្នក​ស្លាប់​ដែរ ។ អ្នក​ទាំង​២​ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IN-7579 ។ ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ឈ្មោះ​ខេ​ង សារ៉ូ ជា​អ្នក​បើក​ម៉ូតូ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើត​ហ​តុ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​FUSO ព​ណ៍​ខៀវ ឆ្នូត​ទឹកប្រាក់ ក្បាល​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​3A-1742 ។ និង​កន្ទុយ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​4A-0281 បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​បុក​ពីក្រោយ​ទាំង​កំរោល​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខណៈនោះ​រថយន្ត​ខាងលើ​មិន​បាន​ឈប់​ភ្លាម​ភ្លាម​ៗ​នោះ​ទេ បាន​បើក​ទៅ​មុខ​អូស​ទាំង​មនុស្ស​និង​ម៉ូតូ ជា​ច្រើន​ម៉ែត្រ​ទើប​ឈប់ ។ បណ្ដាល​ឲ្យ​ស្ត្រី​អ្នក​បើក​ម៉ូតូ​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​ម្នាក់​ទៀត​ដែល​ជិះ​ពីក្រោយ​រួម​ដំណើរ​រង​របួសធ្ងន់ បន្ទាប់​មក​រថយន្ត​នោះ​ប្រុង​បើក​រត់​បន្ត​ទៀត ប៉ុន្តែ​ត្រូវ​បាន​មហាជន​នាំ​គ្នា​ឃាត់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ ។ ខណៈនោះ​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​ស្រវឹងស្រា​ដើរ​ទ្រេត​ទ្រោ​ត​ និង​កាន់​ស្រា​បៀរ​១​កំប៉ុង​ផឹក​ធ្វើ​ព្រងើយ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង​សោះ ។

សាច់ញាតិ​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​​កើតហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ ក្រោយ​ពេល​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ រួច ។ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ពី​ផ្ទះ​នៅ​ខេត្តកំពង់ធំ ឆ្ពោះទៅ​កាន់​ផ្ទះ​ជួល​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ចូល​ធ្វើការ​នៅ​ថ្ងៃស្អែក​ថ្ងៃ​ទី​១៥ ខែតុលា ។ ពេល​នោះ​ក្រុម​គ្រួសារ​ពុំ​នឹកគិត​ដល់​ថា ពួក​នាង​ទាំង​២​នាក់​មានរឿង​អកុសល​នោះ​ឡើយ រហូត​ដល់​ពេល​កើតហេតុ ស្រាប់តែ​មាន​គេ​ថា​ពួក​នាង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ផ្លូវ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​របួស​ម្នាក់​បែប​នេះ​បាត់​ទៅ​ហើយ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា ក្រោយ​ពេល​កើតហេតុ ក្រុម​រុករក​និង​សង្គ្រោះ​៧១១ បាន​ដឹក​យក​ស្ត្រី​ដែល​រង​របួសធ្ងន់​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ចំណែក​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​វាស់វែង រួច​នាំ​យក​រថយន្ត​និង​អ្នកបើកបរ ព្រមទាំង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕