ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ទឹកភ្លៀង​នៅ​តំបន់​ខាងលើ​នៅ​តែ​បន្ត​ធ្លាក់ សំណង់​ធារាសាស្ត្រ​​៥កន្លែង ​តាម​ដងស្ទឹង​ចំនួន​២​ក្នុង​ខេត្តកំពង់ឆ្នាំង​ នៅ​តែ​រង​ការ​គំរាមកំហែង

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជំនន់​ទឹកភ្លៀង​នៅ​​តែ​បន្ត​ជន់​លិច​តាម​ដងស្ទឹង នឹង​ហៀរ​​មក​លើ​ថ្នល់ ក្នុងស្រុក​ចំនួន​២ គឺ​ស្រុក​សាមគ្គី​មាន​ជ័យ និង​ស្រុក​ទឹកផុស​ ។ នេះ​ជា​ការ​បញ្ជាក់​របស់​អនុប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​ ​នៅ​​រសៀល​ថ្ងៃ​ទី​១៤ ខែ
តុលា​ ឆ្នាំ ២០២៦ ​នេះ​ ។

លោក អឿ សា​រឿ​ន អនុប្រធាន​ទទួល​បន្ទុក​ក្តាប់​រួម​នៃ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ក្នុង​ដំណើរ​បេសកកម្ម​ត្រួតពិនិត្យ​តាមដាន​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ដែល​​គំរាមកំហែង​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ ធារាសាស្ត្រ និង​ផ្លូវ​សាធារណៈ នូវ​សំណង់​ស្ទាក់​ទឹក​នានា​​ក្នុងភូមិ​សាស្ត្រ​ស្រុក​សាមគ្គី​មាន​ជ័យ ​និង​ស្រុក​ទឹកផុស​បាន​បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​បាន​ជន់​លិចឡើង​លើស​កម្រិត​ប្រកាស​អាសន្ន ​មាន​ស្ទឹង​ចំនួន​២ គឺ​ទី​១-​ស្ទឹង ក្រាំង​​ពន្លៃ នៅ​ចំណុច​ធារាសាស្ត្រ​អន្លង់​ជ្រៃ និង​ទី​២-នៅ​តា​វ៉ា​យ ។ ​ធារាសាស្ត្រ​ទាំង​២​នេះ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​សាមគ្គី​មាន​ជ័យ ។ ​ចំណែក​ស្ទឹង​មួយទៀត​ គឺ​ស្ទឹង​ជ្រៃ​បាក់ ដែល​ជា​ស្ទឹង​ធ្លាក់​មក​ពី​ភូមិសាស្ត្រ​ក្នុងស្រុក​ទឹកផុស ។ ​ខ្សែទឹក​ស្ទឹង​មួយ​នេះ ​មាន​ធារាសាស្ត្រ​៣​កន្លែង គឺ​ធារាសាស្ត្រ​ចាក់​ទឹម ធារាសាស្ត្រ​ស្វាយចេក និង​ធារាសាស្ត្រ​តាំងក្រសាំង ។​

ធារាសាស្ត្រ​ទាំង​៣​នេះ គឺ​ធារាសាស្ត្រ​ចាក់​ទឹម និង​ស្វាយចេក បាន​ស្រក​ខ្លះ​ហើយ ប៉ុន្តែ​បាន​បន្ត​មក​ជន់​លិច​នៅ​ធារាសាស្ត្រ​តាំងក្រសាំង ដែល​បាន​ជន់​លិច​ផ្លូវ​កៅស៊ូ​មួយ​កន្លែង និង​​ផ្លូវ​អម​ប្រឡាយ​មួយ​កន្លែង ។ លោក​បាន​បញ្ជាក់​ដែរ​​ថា ស្ទឹង​ទាំង​២​នេះ ​ប្រសិនបើ​មេឃ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង​ខ្លាំង​​នៅ​ផ្នែក​ខាងលើ នោះ​ធារាសាស្ត្រ​ទាំងនេះ​​​នៅ​តែ​បន្ត​ការ​គំរាមកំហែង​​ជា​បន្ត​ទៀត ​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​ សម្រាប់​ថ្ងៃ​ទី​១៤ ខែតុលា​ នេះ បាន​បញ្ជាក់​ថា ទឹកធ្លាក់​អន្លង់​ជ្រៃ​មាន​កម្ពស់​៣,៤០​ម៉ែត្រ ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន​មាន​ត្រឹម​៣​ម៉ែត្រ​ ។ ​ចំណែក​ធារាសាស្ត្រ​តាំងក្រសាំង​ទឹក​ មាន​កម្ពស់ ៣,៥០​ម៉ែត្រ ស្មើនឹង​កម្ពស់​ទឹក​ត្រូវ​ប្រកាស​អាសន្ន​៣,៥០​ម៉ែត្រ ។​ ដោយឡែក ស្ថានីយ៍ជល​​សាស្ត្រ​ផ្សារ​ក្រោម ទឹក​មាន​កម្ពស់​៨,៨១​ម៉ែត្រ ចំណែក​ទឹក​ត្រូវ​ប្រកាស​អាសន្ន​មាន​កម្ពស់​១០,៥០​ម៉ែត្រ​ ៕