ជំងឺផ្តាសាយបន្តអុកឡុកកម្ពុជា ជាពិសេសកុមារ
- ភ្នំពេញ
ក្រសួងសុខាភិបាល បានចេញសារព្រមាន និងពញាក់ឲ្យប្រុងប្រយ័ត្ននឹងជំងឺផ្តាសាយ ដែលកំពុងតែផ្ទុះ ខណៈមន្ទីរពេទ្យគន្ធបុប្ផាបានអះអាងថា មានកុមារជិត៦ពាន់នាក់ហើយ ដែលកំពុងសម្រាក ពិនិត្យព្យាបាលឈានដល់ព្រឹកព្រលឹម ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ។

ពាក់ព័ន្ធនឹងជំងឺនេះក្រសួងបានជូនដំណឹង និងចែករំលែកនូវសកម្មភាពដែលអាចចូលរួមការពារខ្លួន និង គ្រួសារពីជំងឺនេះ ។
ក្រសួងបានជូនដំណឹងថា នៅក្នុងអំឡុងពេលនេះវិធានការណ៍បង្ការ និងការពារជំងឺនេះ មានប្រសិទ្ធភាព គឺគួរលាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត។ ត្រូវពាក់ម៉ាសជានិច្ច នៅពេលយើងនៅក្បែរ ឬត្រូវថែទាំអ្នកដែលកំពុងឈឺ។ យើងគួរខ្ទប់ច្រមុះ និងមាត់ ជាមួយក្រដាសអនាម័យ រាល់ពេលអ្នកក្អក ឬកណ្ដាស់ ។ ហើយបើឈឺគួរ សម្រាកនៅផ្ទះ ។

ដោយឡែកមន្ទីរពេទ្យគន្ធបុប្ផាវិញបានឲ្យដឹងថា មួយថ្ងៃក្រោយភ្ជុំបិណ្ឌ ពោលគឺពីថ្ងៃទី ១៣ ឈានចូលព្រលឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ទីរពេទ្យទទួលកុមារ៥.៥៩៣ នាក់ មកពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ នៅក្នុងនោះមានកុមារចំនួន ៩៧១ នាក់ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
មន្ទីរពេទ្យនេះបានអះអាងថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា នេះ មន្ទីរពេទ្យមានកុមារជិត៤ពាន់នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។


ចែករំលែកព័តមាននេះ