មេដឹកនាំប្រឆាំងភូមាលោកស្រីអ៊ួងសាន់ ស៊ូជី ប៉ុនប៉ងចេញធ្វើដំណើរនយោបាយលើកដំបូងពីថ្ងៃទី១៤ សីហា ទៅនៅខាងក្រៅទីក្រុងរ៉ង់ហ្គូន ពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០០៣មក បន្ទាប់ពីលោកស្រីជាប់ឃុំឃាំងក្នុងផ្ទះរយៈពេល៧ឆ្នាំ។
ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ១៩៩១ រូបនេះនឹងទៅកាន់ទីក្រុងបាហ្គោ និងក្រុងថា ណាតពីន ភាគឦសានក្រុងរ៉ង់ហ្គូន។ មេដឹកនាំចលនាស្និទ្ធលទ្ធិប្រជាធិបតេយ្យភូមារូបនេះ ធ្លាប់ចេញទៅបំពេញទស្សនកិច្ចជាឯកជនមួយ កាលពីថ្ងៃ៥ កក្កដា កន្លងមកនេះ នៅឯខេត្តបាហ្គាន (ភាគកណ្តាល) ជាមួយកូនប្រុស លោកស្រីម្នាក់គឺលោកគីម ដែលនេះជាការចេញក្រៅក្រុងរ៉ង់ហ្គូន លើកដំបូងរបស់លោកស្រីតាំងពីពេលលុបចោលការឃុំឃាំងលោកស្រីក្នុងផ្ទះពីខែវិច្ឆិកា ឆ្នាំ២០១០មក ។ នាថ្ងៃទី១៤ សីហា លោកស្រីអ៊ួង សាន់ ស៊ូជី នឹងចេញដំណើរទៅជួបជាមួយបណ្តាអ្នកគាំទ្រលោកស្រីដែលដំណើរនេះ នឹងជាការសាកល្បងមើលកម្រិតនៃសេរីភាពរបស់លោកស្រីប្រឈមមុខនឹងរបបយោធា។
លើកចុងក្រោយបំផុត មេដឹកនាំប្រឆាំងភូមាអាយុ៦៦ឆ្នាំ រូបនេះ កាលពីថ្ងៃទី៣០ ឧសភា ឆ្នាំ២០០១ បានធ្វើដំណើរនយោបាយទៅកាន់ខេត្តដោយពេលនោះមានផ្ទុះការប៉ះទង្គិចគ្នាយ៉ាងសាហាវ ខណៈក្បួនរថយន្តរបស់លោកស្រីស៊ូជី ត្រូវឡោមព័ទ្ធដោយហ្វូងមនុស្សដែលប្រឆាំងនៅ DIPEYIN (ភាគកណ្តាលប្រទេស)។
លោកស្រីស៊ូជី ត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ក្រុងរ៉ង់ហ្គូនវិញ ហើយបណ្តាសកម្មជនរបស់លោកស្រីត្រូវចោទដោយរបបយោធាពីបទបង្កអំពើហិង្សា។ ចាប់ពីពេលនោះមក លោកស្រីស៊ូជី ត្រូវជាប់ឃុំឃាំងក្នុងផ្ទះជាថ្មីទៀត ចំណែករបបយោធាបានធ្វើយុទ្ធនាការបង្ក្រាបថ្មី ប្រឆាំងនឹងបណ្តាមន្ត្រី និងសកម្មជនរបស់គណបក្សសម្ព័ន្ធ ជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ LND ៕
ចែករំលែកព័តមាននេះ