ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមទីទួលសុវត្ថិភាព ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញ ក្រោយទឹក​ស្រក

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ខេត្តបានអនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ ដែល​ស្នាក់​នៅ​តាម​ទីទួល​សុវត្ថិភាព​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ក្រោយពេល​ទឹកជំនន់​ស្រក​ពី​លំនៅ​ឋាន ។ ការ​អនុញ្ញាត​នេះ គឺ​នៅ​ពេល​ឯកឧត្តម​អភិបាលខេត្ត​ទៅ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៦ នៅ​តាមភូមិ​សា​ស្គ្រ​ក្នុង​ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ពេល​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រួច ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹក​និង​ទីទួល​សុវត្ថិ​ភាព ដែល​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំន​ន់​ទៅ​ស្នាក់​នៅ ហើយ​ពេល​នេះ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ហើយ ក្រោយ​ពេល​ទឹកជំនន់​បាន​ស្រក​ពី​លំនៅ​ឋាន ។

ឯកឧត្តម អ៊ុំ រាត្រី មាន​ប្រសាសន៍​ថា តាមរបាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ២០២៦ ខេត្តបន្ទាយមានជ័យ​ដែល​មាន​៩​ស្រុក-​ក្រុង មាន​ឃុំ​-​សង្កាត់​ចំនួន​៤៥ ស្មើនឹង ៣១៧​ភូមិ ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ១៧ ៩៣៤​គ្រួសារ គិត​ជា​មនុស្ស​រាយ​ចំនួន ៧២ ០៥៩​នាក់ ។

ឯកឧត្តម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំ​ន​ន់ះ​ធ្ងន់ធ្ងរ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ចំនួន ២ ៣៨៦​គ្រួសារ គិតជា​មនុស្ស​រាយ​ចំនួន ១១ ០៦១​នាក់ ។ ប៉ះពាល់​ដំណាំ​ស្រូវ ៣៧ ៥១០​ហិ​កតា ដំឡូង​មី ១៦២​ហិ​កតា ដំណាំ​រួម​ផ្សំ​៤៩​ហិ​កតា សត្វពាហនៈ​៤២៩ក្បាល ។ ស្រូវ​ដែល​ខូចខាត​ដោយ​ទឹកជំនន់​លិច ១២ ១៤៩​ហិ​កតា លិច​សាលារៀន​ចំនួន ៧២​កន្លែង មណ្ឌល​សុខភាព​ចំនួន​៨​កន្លែង ផ្លូវ​ចំនួន ៩៥៥​ខ្សែ មាន​ប្រវែង ៥៥៨០៣៩​ម៉ែត្រ ៕