ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថាន ITI ជំរុញ​យុវជន​រៀន​ជំនាញ​យានយន្ត ត្រៀម​ចាប់​យក​ឱកាស​ការងារ​ ក្នុង​យុគសម័យ​រថយន្ត​អគ្គិសនី

1 ខែ មុន

រាជធានីភ្នំពេញ​ ៖ លោក ណុ​ន​ឌី អនុប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​វិស្វកម្ម​រថយន្ត នៃ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) បាន​ជំរុញ​ឱ្យ​យុវជន ជា​ពិសេស​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​ បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ ពិចារណា​ជ្រើសរើស​សិក្សា​ជំនាញ​បច្ចេកទេស ដើម្បី​បង្កើន​ឱកាស​ការងារ និង​ឆ្លើយ​តប​នឹង​កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា ​ក្នុង​វិស័យ​យានយន្ត​ ។

លោក ណុ​ន​ឌី បាន​លើក​ឡើង​ថា ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​យានយន្ត ជា​ពិសេស​រថយន្ត​អគ្គិសនី (EV) និង​រថយន្ត​កូនកាត់ (Hybrid) កំពុង​បង្កើត​តម្រូវការ​សម្រាប់​អ្នកបច្ចេកទេស​ដែល​មានចំណេះ​ដឹង និង​ជំនាញ​សម​ស្រប ដើម្បី​បំពេញការងារ​ថែទាំ ជួសជុល និង​ដោះស្រាយ​បញ្ហា​បច្ចេកទេស​លើ​យានយន្ត​ទំនើប​ ។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​យុវជន​មក​រៀន​ នូវ​ជំនាញ​បច្ចេកទេស ដោយ​យ៉ាង​ហោច​ណាស់​យុវជន​ម្នាក់​ក៏​មាន​ជំនាញ​មួយ​»​ ។

លោក​បាន​បន្ថែម​ថា ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ថ្មី​ៗ និង​ការ​យកចិត្តទុកដាក់​លើ​ការ​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន បាន​ជំរុញ​ឱ្យ​រថយន្ត​អគ្គិសនី​ក្លាយជា​បច្ចេកវិទ្យា​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ សម្រាប់​អនាគត ​។ ដូច្នេះ អ្នកបច្ចេកទេស​ចាំបាច់​ត្រូវ​បន្ត​អភិវឌ្ឍ​សមត្ថភាព ដើម្បី​អាច​ធ្វើការ​ជាមួយ​ប្រព័ន្ធ និង​បច្ចេកវិទ្យា​យានយន្ត​ជំនាន់​ថ្មី​ ។

ចំពោះ​ការ​បណ្ដុះបណ្ដាល​នៅ​វិទ្យាស្ថាន លោក​បានឱ្យ​ដឹង​ថា សិស្សានុសិស្ស​អាច​សិក្សា​ពី​ប្រព័ន្ធ​បច្ចេកទេស​ផ្សេង​ៗ ដូច​ជា ប្រព័ន្ធ​ម៉ាស៊ីន ប្រព័ន្ធ​ត្រជាក់ ប្រព័ន្ធ​អគ្គិសនី​លើ​យានយន្ត និង​ប្រព័ន្ធ​គ្រឿង​ក្រោម ​។ ការ​សិក្សា​ទាំងនេះ​មាន​គោលបំណង​ផ្ដល់​ចំណេះដឹង និង​ជំនាញ​បច្ចេកទេស ​ដែល​អាច​យក​ទៅ​ប្រើប្រាស់​ ក្នុង​ការងារ​ជាក់ស្ដែង ​។

លោក​ក៏​បាន​បញ្ជាក់​ថា សិស្ស​ដែល​សិក្សា​ជំនាញ​បច្ចេកទេស​អាច​ទទួល​បាន​ឱកាស​ សិក្សា​អនុវត្ត​នៅ​តាម​យានដ្ឋាន និង​ក្រុមហ៊ុន ដើម្បី​ស្វែង​យល់​ពី​បរិយាកាស​ការងារ និង​ការ​អនុវត្ត​ជាក់ស្ដែង​ក្នុង​វិស័យ​យានយន្ត ​។

ជាមួយ​គ្នា​នេះ លោក​បាន​អំពាវនាវ​ដល់​យុវជន ​ដែល​ទើប​ប្រឡង​បាក់​ឌុ​ប និង​កំពុង​ស្វែងរក​ជំនាញ​សម្រាប់​អនាគត ឱ្យ​ពិចារណា​ចូល​សិក្សា​ជំនាញ​បច្ចេកទេស​នៅ​វិទ្យាស្ថាន​បច្ចេកទេស ​ឧស្សាហកម្ម (ITI) សម្រាប់​ឆ្នាំ​សិក្សា ២០២៦-២០២៧ ពីព្រោះ​វិទ្យាស្ថាន​មាន​សម្ភារៈ និង​បរិក្ខារ​សម្រាប់​គាំទ្រ​ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ ​។

លោក​បាន​សង្កត់ធ្ងន់​ថា ការ​ជ្រើសរើស​ជំនាញ​បច្ចេកទេស​មួយ​ ដែល​សម​ស្រប​នឹង​ចំណង់​ចំណូលចិត្ត និង​តម្រូវការ​ទីផ្សារ អាច​ជួយ​ឱ្យ​យុវជន​ត្រៀមខ្លួន​បាន​ កាន់តែ​ល្អ​សម្រាប់​ឱកាស​ការងារ​នា​ពេល​អនាគត និង​ចូលរួម​អភិវឌ្ឍ​វិស័យ​យានយន្ត​នៅ​កម្ពុជា​ ៕ អត្ថបទសហការ