ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនភៀសសឹក​កម្ពុជា (IDPs) មាន​បំណងប្រាថ្នា និង​សម​នឹង​ទទួល​បានការ​ត្រឡប់​ទៅ​ផ្ទះ​វិញ

3 ថ្ងៃ មុន

ញូ​វ​យ៉​ក ៖ ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៦ ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​ស្តី​ពី “​របាយការណ៍​របស់​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​.) ទទួល​បន្ទុក​ជនភៀសខ្លួន សំណួរ​ពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន អ្នក​វិល​ត្រឡប់ និង​ជនភៀសសឹក និង​សំណួរ​មនុស្សធម៌​” នៅ​ក្នុង​គណៈកម្មាធិការ​ទី​៣ នៃ​សម័យប្រជុំ​មហាសន្និបាត​អ​.​ស​.​ប​. លើក​ទី​៨១ ឯកឧត្តម យោង ចាន់​សុភារ តំណាង​អចិន្ត្រៃយ៍​រង​កម្ពុជា​ប្រចាំ​អ​.​ស​.​ប​. បាន​គូសបញ្ជាក់​ពី​ការ​កើនឡើង នៃ​បញ្ហា​ប្រឈម នៃ​ការ​បណ្តេញចេញ​ដោយ​បង្ខំ និង​តម្រូវការ​សម្រាប់​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​សាមគ្គីភាព ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ។

ឯកឧត្តម​ក៏​បាន​ទទួលស្គាល់​ពី​តួនាទី ដែល​មិន​អាច​ខ្វះ​បាន​របស់ UNHCR ក្នុងអំឡុងពេល​តម្រូវការ​មនុស្សធម៌​នេះ ។

តំណាង​អចិន្ត្រៃយ៍​រង បាន​ទាញ​ចំណាប់អារម្មណ៍​អង្គប្រជុំ​ថា ជនភៀសសឹក​កម្ពុជា ប្រមាណ​ជាង ២០.០០០​នាក់ ដែល​រង​ផល​ប៉ះពាល់​ដោយ​ជម្លោះព្រំដែន មាន​បំណងប្រាថ្នា និង​សម​នឹង​ទទួល​បានការ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ ។

ឯកឧត្តម បាន​សង្កត់ធ្ងន់​ថា កូនចៅ​របស់​ជនភៀសសឹក ទន្ទឹងរង់ចាំ​ការ​ត្រឡប់​ទៅ​សាលារៀន​ដើម​របស់​ពួក​គេ​វិញ ។

ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​បន្ត​អំពាវនាវ​ឱ្យ​មានការ​យកចិត្តទុកដាក់​ជា​អន្តរជាតិ កិច្ច​សហប្រតិបត្តិការ និង​ការ​គាំទ្រ​មនុស្សធម៌​សម្រាប់​ប្រជាជន ដែល​រង​ផល​ប៉ះពាល់ ខណៈ​ពេល​ដែល​បញ្ជាក់​សារ​ជា​ថ្មី​អំពី​សារៈសំខាន់ នៃ​ច្បាប់​អន្តរជាតិ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ដែល​ជា​គោលការណ៍​គ្រឹះ ៕