រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា មកដល់ពេលនេះលោក អ៊ុំ សំអាន មិនទាន់ផ្តល់ចម្លើយច្បាស់លាស់ថា មកកម្ពុជាតាមការអញ្ជើញរបស់សម្តេចនៅឡើយទេ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ យ៉ាងដូច្នេះថា ៖ “មកដល់ពេលនេះ គឺរយៈពេល៤ថ្ងៃហើយ ដែលខ្ញុំមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយ ដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់” ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ៖ ឃើញតែគាត់ចេញសារជាច្រើនក្នុងប៉ុន្មានថ្ងៃមកនេះ ម្តងថា ខ្លាចគេលបបាញ់គាត់ ឬវាយគាត់បែកក្បាល ម្តងថា គាត់ព្រមចាញ់ ដើម្បីខ្មែរឈ្នះ។ល។ ហើយចុងក្រោយនេះ ឃើញទៅពឹងអង្គការចាត់តាំងក្រៅច្បាប់មួយ មកដាក់ជាលក្ខខណ្ឌវែងអន្លាយជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលហាក់ដូចជាលក្ខខណ្ឌដើម្បីដោះខ្លួនចេញពីការអញ្ចើញឱ្យមកជជែកគ្នាបញ្ជាក់តំបន់តូចមួយ នៃខ្សែព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៩ ដែលគាត់ចោទថា មន្ត្រីជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល បានលួចឱ្យថៃ បោះបង្គោលចូលដីខ្មែរ។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា បើគ្រាន់តែបញ្ជាក់លើដីប៉ុន្មានគីឡូម៉ែត្រ គាត់មិនហ៊ានមកជជែក ឬមិនមានឯកសារមកជជែកផង តើរំពឹងថា គាត់អាចធ្វើលើព្រំដែនទាំងមូលទេ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា នៅរង់ចាំចម្លើយច្បាស់លាស់ពីគាត់ពាក់ព័ន្ធនឹងការអញ្ជើញមកជជែកគ្នា ករណីព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៥២ និង ៥៩ ៕


ចែករំលែកព័តមាននេះ