ខេត្តកំពតក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ នាឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ
- កំពត
ខេត្តកំពត÷ នៅក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងស្រុកកំណើត និងដើរកម្សាន្តនៅខេត្តកំពត បានសំដែងនូវសេចក្តីសប្បាយរីករាយប្រកបដោយមោទកភាពបំផុត ចំពោះការអភិវឌ្ឍ រីកចម្រើននៅក្នុងមូលដ្ឋានរបស់ខេត្ត ពិសេសសមិទ្ធផលទេសចរណ៍ថ្មីៗជាច្រើន ដែលបាន និងកំពុងអន្ទងចិត្ត និងបេះដូងពួកគេ ឲ្យចង់មកលេងកំពត ម្ដងហើយម្ដងទៀត។
ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរមកពីតាមបណ្តារាជធានីខេត្ត បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយនិងត្រេកអរបំផុត ដែលបានមកលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាននៅតាមវត្តអារាមនានា ពិសេសបានមកឃើញការផ្លាស់ប្ដូររីកចម្រើន នៅតាមមូលដ្ឋាន ក៏ដូចជាក្រុងកំពតផងដែរ ដែលជាដង្ហើមសេដ្ឋកិច្ច និងជាបេះដូងទេសចរណ៍របស់ខេត្តមួយនេះ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរចូលមកលេងយ៉ាងច្រើនកុះករ បាននាំគ្នាធ្វើបុណ្យ នៅតាមវត្តអារាមនានា និងដើរកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងខេត្តកំពត បង្គរឲ្យមានភាពមមាញឹកក្នុងការធ្វើចរាចរណ៍ពិសេសក្នុងក្រុងកំពត ប៉ុន្តែដោយមានការយកចិត្តទុកដាក់និងជួយសម្រួលចរាចរសណ្ដាប់ធ្នាប់ ពីសំណាក់កម្លាំងស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំធ្វើចរាចរណ៍នៅក្នុងក្រុង និងតាមដងផ្លូវទាំងអស់ ពិសេសចំណុចគល់ស្ពានថ្មី ទាំងត្រើយខាងលិច និងក្រើយខាងកើត មិនឲ្យមានការកកស្ទះចរាចរឡើយ។
ដោយឡែកសម្រាប់សេវាទេសចរណ៍ផ្សេងៗនៅទូទាំងខេត្តមានភាពល្អប្រសើរ មិនមានអ្វីខុសប្រក្រតី គួរឲ្យកត់សម្គាល់នោះទេ។ ក្នុងនោះដែរ សេវាស្នាក់នៅក្នុងក្រុង ក៏ត្រូវបានស្នាក់នៅពេញអស់ដែរ លើកលែងតែផ្ទះសំណាក់នៅជាយក្រុងក៏មានការស្នាក់នៅរបស់ជាមធ្យមផងដែរ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ដោយសារតែខេត្តកំពតមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស មានសមិទ្ធផលទេសចរណ៍ថ្មីៗជាច្រើន ពិសេសរូបសំណាកបាត់ដៃសុភមង្គល ដែលទើបសាងសង់ហើយ បានជំរុញកំណើនលំហូរភ្ញៀវ ឲ្យមកលេងក្រុងកំពតកាន់តែច្រើននៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាឆ្នាំ២០២៦នេះ៕





ចែករំលែកព័តមាននេះ