ទីក្រុងម៉ូស្គូ៖ យោធារុស្ស៊ីទើបតែវាយប្រហារកប៉ាល់មួយគ្រឿងដែលសង្ស័យដឹកគ្រឿងបរិក្ខារយោធាសំដៅទៅទីក្រុងមីកូឡាយរបស់អ៊ុយក្រែន។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី។ ក្រសួងប្រកាសឱ្យដឹងអំពីរឿងនេះដោយមិននិយាយសំដៅដល់ការអំពាវនាវរបស់លោកដូណាល់ត្រាំដែលស្នើសុំឱ្យភាគីទាំង២ផ្អាកវាយប្រហារទីតាំងថាមពលគ្នាទៅវិញទៅមកនោះទេ។

ខាងក្រោមនេះជាគោលដៅមួយចំនួននៅអ៊ុយក្រែនដែលរុស្ស៊ីវាយប្រហារកាលពីយប់មិញដោយយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិរុស្ស៊ី។ នៅរដ្ឋធានីកៀវ រុស្ស៊ីវាយប្រហារឃ្លាំងមួយកន្លែងនៅផាល់មីលព្រីន (Pulp Mill Print)។ ក្រសួងការពារជាតិរុស្ស៊ីអះអាងថាទីនេះត្រូវអ៊ុយក្រែនយកធ្វើជាកន្លែងផលិតមីស៊ីល និងដ្រូនរយៈចម្ងាយឆ្ងាយ។

ក្រៅពីនេះ យោធារុស្ស៊ីវាយប្រហារដេប៉ូអាយស្ម័យយានមួយកន្លែងនៅដានីស្យា (Darnysia) ដែលជាកន្លែងជួសជុល និងដំឡើងយានយន្តរត់នៅលើផ្លូវដែកដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនសម្ភារៈសឹកយកទៅផ្គត់ផ្គង់យោធាអ៊ុយក្រែនដែលកំពុងប្រមូលផ្ដុំកម្លាំងគ្នា។ នៅតំបន់មីកូឡាយ យោធារុស្ស៊ីវាយប្រហារមជ្ឈមណ្ឌលស្តុកទុកព័ស្តុភារនៅថឺនីវកា (Ternivka) ដែលប្រើប្រាស់សម្រាប់ស្តុកទុករបស់របរប្រើប្រាស់នៅក្នុងវិស័យស៊ីវិលផង និងយោធាផង។

ទីនេះជាកន្លែងខាងលើនេះប្រើសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់កងទ័ពអ៊ុយក្រែននៅសមរភូមិមុខ។ ក្រៅពីនេះ ឃ្លាំងមួយកន្លែងដែលស្តុកទុកដ្រូនរបស់អ៊ុយក្រែននៅម៉ែស្កូវ៉ូ ប៉ូហូរ៉េឡូវ៉េ (Meshkovo-Pohorelove) ក៏រងការវាយប្រហារផងដែរ។ នៅក្នុងករណីមួយទៀត កប៉ាល់ដឹកសម្ភារៈស្ងួតដែលផ្ទុកទំនិញប្រើប្រាស់សម្រាប់ស៊ីវិលផង និងយោធាផង និងដឹកទៅកាន់កំពង់ផែនៃតំបន់មីកូឡាយត្រូវបានរុស្ស៊ីបាញ់ប្រហារនៅពេលកប៉ាល់នេះបើកទៅដល់ទីមួយនៃទន្លេបាក់ (Bug)៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ