ទីក្រុងសេអ៊ូល៖ មនុស្ស៨នាក់រងរបួសដោយសារការយកកាំបិតដេញចាក់ពីសំណាក់ជនដៃដល់នៅផ្សារទំនើបមួយកន្លែងនៃទីក្រុងអុីនឈុន ប្រទេសកូរ៉េខាងត្បូង។ នៅក្នុងចំណោមនោះ ម្នាក់កើតអាការៈគាំងបេះដូង។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីនគរបាល។ សមត្ថកិច្ចដែលចុះទៅដល់កន្លែងកើតហេតុបានចាប់ខ្លួនជនសង្ស័យម្នាក់ជាបុរស និងចាប់ផ្ដើមបើកការស៊ើបអង្កេតរកមូលហេតុដែលនាំឱ្យគាត់ប្រព្រឹត្តអំពើបែបនេះ និងស៊ើបអង្កេតបរិយាកាសនានាជុំវិញការវាយប្រហារប្រភេទនេះ។

អ្នកនាំពាក្យនគរបាលជាតិបានផ្ដល់បទសម្ភាសតាមទូរស័ព្ទជូនអ្នកសារព័ត៌មាននូវព័ត៌មានបឋមមួយចំនួនដូចខាងលើ។ ទីភ្នាក់ងារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងដកស្រង់ពាក្យសម្ដីរបស់សាក្សីដែលឃើញហេតុការណ៍នេះមកផ្សាយថាជនសង្ស័យរូបនោះកាន់កាំបិតនៅក្នុងដៃទាំង២របស់គាត់ និងដើរឡើងទៅលើផ្សារនោះជាច្រើនជាន់។ នៅតាមផ្លូវធ្វើដំណើររបស់គាត់ នៅពេលគាត់ប្រទះឃើញអ្នកណានៅក្បែរ គាត់ក៏យកកាំបិតដេញចាក់តែម្ដងរហូតទាល់តែអ្នកនៅក្បែរនោះព្រួតគ្នាចាប់ក្រៀកគាត់ជាប់ និងប្រគល់ជូនសមត្ថកិច្ច។

សារព័ត៌មានកូរ៉េខាងត្បូងផ្សាយថាជនសង្ស័យមានវ័យប្រហែល៦០ឆ្នាំប្លាយ ពាក់ឧបករណ៍អេឡិចត្រូនិចសម្រាប់តាមដានសកម្មភាពនៅនឹងកែងជើង។ នៅក្នុងចំណោមជនរងគ្រោះទាំងនោះមានបុរស២នាក់ និងនារី៦នាក់។ នារីម្នាក់វ័យ២០ឆ្នាំប្លាយកើតអាការៈគាំងបេះដូង។ ទីក្រុងអុីនឈុនស្ថិតនៅភាគខាងលិចរដ្ឋធានីសេអ៊ូល និងជាកន្លែងតាំងនៅនៃអាកាសយានដ្ឋានដ៏ធំមួយរបស់កូរ៉េខាងត្បូង។ ទីក្រុងនេះបង្កើតបានជាតំបន់ទីប្រជុំជនដ៏ធំទូលាយនៃទីក្រុងសេអ៊ូល។

កាលពីឆ្នាំ២០២៣ កូរ៉េខាងត្បូងធ្លាប់ល្បីកក្រើកម្ដងហើយដោយសារសកម្មភាពចាក់នឹងកាំបិតជាច្រើនករណី។ ក្នុងនោះក៏មានករណីចាក់រហូតដល់ស្លាប់មនុស្សមួយចំនួន និងរបួសជាច្រើននាក់។ កាលពីខែឧសភាកន្លងទៅនេះ នារីវ័យ១៧ឆ្នាំម្នាក់ត្រូវគេចាក់រហូតដល់ស្លាប់ និងយុវជនវ័យជំទង់ម្នាក់ទៀតរងរបួសនៅទីក្រុងក្វាងជូ។ ករណីនេះបង្កឡើងដោយជនដៃដល់ជាបុរសវ័យ២០ឆ្នាំប្លាយ។ ក្រោយមក តុលាការបានផ្ដន្ទាទោសគាត់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ