ចាប់ខ្លួនចាងហ្វាងសារព័ត៌មាន CBN TV Online និងបក្ខពួក ពាក់ព័ន្ធករណីគា.ស់ផ្ទះយកម៉ូតូ៤គ្រឿង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ចាងហ្វាងសារព័ត៌មាន CBN TV Online និងបក្ខពួក៥នាក់ ត្រូវបានកម្លាំងជំនាញនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនពាក់ព័ន្ធករណីគាស់ផ្ទះយកម៉ូតូចំនួន ៤ គ្រឿង, កាន់កាប់អាវុធខុសច្បាប់ និងរក្សាទុកគ្រឿងញៀន។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន ១-ឈ្មោះ ឆៃ សុចិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ចាងហ្វាងសារព័ត៌មាន CBN .TVOnline ស្នាក់នៅបន្ទប់ជួល សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ២-ឈ្មោះ ហេង ផល្លា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ, ៣-ឈ្មោះ ជេម ស៊ីណា ភេទប្រុស អាយុ១៨ឆ្នាំ, ៤-ឈ្មោះ ធី ពុទ្ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ រត់កង់៣ និង៥-ឈ្មោះ រឿង ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ។
តាមប្រភពពីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ចាងហ្វាងសារព័ត៌មាន CBN .TVOnlineរូបនោះ រួមទាំងបក្ខពួក ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌទូលគោក ស្រាវជ្រាវឃាត់ខ្លួននៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅចំណុចក្នុងអគារទុកចោលមួយកន្លែង តាមផ្លូវលេខ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ លួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ឆ្កឹះសោរផ្ទះចូលលួចយកម៉ូតូចំនួន០៤គ្រឿង) ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ១០ ផ្លូវលេខ៦១២ ក្រុមទី៩៤ ភូមិ២០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល៣និង៤៧នាទីទៀបភ្លឺ ។
ម៉ូតូដែលជនសង្ស័យគាស់លួចយកទៅរួមមាន ១-ម៉ូតូម៉ាក Honda Beat ពណ៌ក្រហម ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កំពង់ធំ 1P-4625 ដែលមានម្ចាស់ឈ្មោះ គីនីន គីណេត ភេទស្រី អាយុ២២ឆ្នាំ មុខរបរ និស្សិត, ២-ម៉ូតូម៉ាក Suzuki Nex ពណ៌សលាយលឿង ពុំចាំស៊េរី ពុំចាំផ្លាកលេខ មានម្ចាស់ឈ្មោះ គីនីន ណារិន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ ផ្ទះលេខ១០ ផ្លូវលេខ៦១២ ក្រុមទី៩៤ ភូមិ២០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ, ៣-ម៉ូតូម៉ាក Honda Zoomer ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កំពង់ធំ 1M-3798 ដែលមានម្ចាស់ ឈ្មោះ ឈឿន ស្រីម៉ី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនិស្សិត និង៤-ម៉ូតូម៉ាក Honda Today ពណ៌ផ្កាឈូក ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខ កំពង់ធំ 1P-8937 មានម្ចាស់ឈ្មោះ ព្រំ ស្រីតី ភេទស្រី អាយុ២០ឆ្នាំ មុខរបរ និស្សិត។
តាមនគរបាលបានឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដករហូតវត្ថុតាងរួមមាន កាំភ្លើងខ្លីចំនួន០១ដើម ម៉ាក K54 មានគ្រាប់ចំនួន០៨គ្រាប់, ម្សៅម៉ដ្ឋពណ៌សចំនួន០១កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន) , ទូរស័ព្ទដៃចំនួន០២គ្រឿង កាបូបស្ពាយ ពណ៌ប្រផេះចំនួន០១ ម៉ូតូចំនួន០១គ្រឿងម៉ាក Yamaha Exciter ពណ៌ខ្មៅ គ្មានផ្លាកលេខ, ប័ណ្ណសំគាល់ខ្លួនអ្នកសារព័ត៌មានរបស់ឈ្មោះ ឆៃ សុចិត្ត ចំនួន០១ (ជារបស់ជនសង្ស័យឈ្មោះ ឆៃ សុចិត្ត) ,ម៉ូតូកង់បីឥណ្ឌា ចំនួន០១គ្រឿង ម៉ាក Bajaj ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AG-3991។
ទោះបីជាយ៉ាងណា ម៉ូតូរបស់ជនរងគ្រោះជានិស្សិត ចំនួន៤ គ្រឿង សមត្ថកិច្ចពុំទាន់ស្រាវជ្រាវរក ឃើញនៅឡើយ។
បច្ចុប្បន្នជនសង្ស័យចំនួន០៥នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕




ចែករំលែកព័តមាននេះ