ខេត្តសៀមរាប៖ កម្លាំងនគរបាលខេត្តខិតខំប្រឹងប្រែងការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
- សៀមរាប
ខេត្តសៀមរាប៖ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯក ឡុង ម៉ែនស្យ៊ាលី ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ និងចរាចរណ៍ បានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងនគរបាលគ្រប់ស្ថាប័នក្រោមឱវាទឱ្យបំពេញភារកិច្ចយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលបានបញ្ចប់ទៅដោយរលូន ។

លោកវរសេនីយ៍ឯក ឡុង ម៉ែនស្យ៊ាលី បានឱ្យដឹងថា ការខិតខំប្រឹងប្រែង និងគុណសម្បត្តិលេចធ្លោរបស់កម្លាំងនគរបាលក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ រួមមានកម្លាំងនគរបាលចរាចរណ៍ បានចុះប្រចាំការយ៉ាងសកម្មតាមដងផ្លូវសំខាន់ៗតំបន់ប្រជុំជន និងគោលដៅងាយកកស្ទះ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកកម្សាន្តនៅខេត្តសៀមរាបឱ្យទទួលបានសុវត្ថិភាព និងភាពរលូន។

មានការដាក់ពង្រាយកម្លាំងល្បាតការពារតាមទីវត្តអារាមនានា និងតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីការពារទ្រព្យសម្បត្តិ និងធានាសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋក្នុងពេលបំពេញកិច្ចសាសនា និងដើរកម្សាន្ត។ លោកស្នងការរងបានបញ្ជាក់បន្ថែមថា ស្មារតីប្តេជ្ញាចិត្តខ្ពស់ និងការលះបង់ពេលវេលាផ្ទាល់ខ្លួននិងក្រុមគ្រួសាររបស់មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ទោះបីស្ថិតក្រោមអាកាសធាតុប្រែប្រួលយ៉ាងណាក្តី គឺដើម្បីបំពេញតួនាទីបម្រើប្រជាពលរដ្ឋទាំងថ្ងៃទាំងយប់ដោយទឹកចិត្តមោះមុត ។

រាល់ការបំពេញការងារទាំងអស់ ត្រូវបានអនុវត្តដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ភាពទន់ភ្លន់ តែហ្មត់ចត់ និងរាក់ទាក់ក្នុងការជួយណែនាំដល់សាធារណជន ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យពិធីបុណ្យភ្ជុំបិណ្ឌនៅទូទាំងខេត្តសៀមរាប ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។




ចែករំលែកព័តមាននេះ