ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋសម្រុកឆ្លងដទទឹងនៅស្រុកកំពង់លែងដើម្បីត្រឡប់​ទៅបំពេញការងារវិញ បង្កឱ្យមានការកកស្ទះចរា​ចរណ៍បន្តិចបន្តួច

2 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ត្រូវ​បាន​បញ្ចប់​២​ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃ​ទី​១៣ ​ខែតុលា​ ឆ្នាំ ២០២៦ ​នេះ កា​រ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចាកចេញ​ទៅ​ធ្វើ​ការងារ​របស់​ខ្លួន​វិញ និង​ខ្លះ​ទៀត​បាន​វិល​ត្រឡប់​ពី​ផ្លូវជាតិ​លេខ​៦​អា ខេត្តកំពង់ធំ ហើយ​ឆ្លងកាត់​មក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង នាំ​គ្នា​សម្រុក ឆ្លង​ដ​ទទឹង​នៅ​មុខ​សាលាស្រុក​កំពង់លែង ធ្វើ​ឱ្យ​ចរាចរណ៍​ត្រូវ​បាន​កកស្ទះ ។ ​យ៉ាងនេះ​ក្តី​ មិន​ស្ទះ​ដូច​មុន​ថ្ងៃ​ភ្ជុំបិណ្ឌ​ដែរ​ ។

លោក សៀង ប៊ុ​ន​សាន អធិការ នគរបាល​ស្រុក​កំពង់លែង បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​ទូរ​សព្ទ​ថា ដោយ​បានការ​យកចិត្តទុកដាក់​ពី​អភិបាលខេត្ត លោកស្នងការ​នគរ​បាល​ខេត្ត លើ​បញ្ហា​បងប្អូន​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ទៅ​កន្លែងធ្វើការ​វិញ​ និង​ខ្លះ​ទៀត ដែល​អញ្ជើញ​ធ្វើ​ដំណើរ​ពី​ខេត្ត​នានា​តាម​ផ្លូវជាតិ​លេខ​៦ ក៏​ត្រឡប់​មក​ឆ្លង​ដ​ទទឹង​នៅ​កំពង់លែង​ក្នុង​គោលបំណង​ទៅ​ខេត្តកំពង់ឆ្នាំង​ និង​បន្ត​ទៅ​គោលដៅ​ការងារ​រាជធានី​ភ្នំពេញ​វិញ មាន​ចំនួន​ច្រើន​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ ដូចនេះ​ហើយ ​កម្លាំង​អធិការ​នគរបាល​ស្រុក​កំពង់លែង​ទាំងអស់ បាន​ចេញ​សម្រួល​ចរាចរណ៍​តាម​ដងផ្លូវ​ ពិសេស​ នៅ​ចំណុច​ចុះ​
សាឡា​ង​មុខ​សាលាស្រុក​កំពង់លែង ។​

បញ្ហា​បែប​នេះ​ មិនមែន​ទើបតែ​ឆ្នាំ​នេះ​ទេ​ គឺ​រៀង​រាល់​ឆ្នាំ​ពេល​ក្រោយ​ពិធីបុណ្យ​ទាន​ម្ដង​ៗ​ ដូច​ជា​បុណ្យចូលឆ្នាំ និង​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម​។​ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២៦​នេះ ​ចំនួន​ប្រជាពលរដ្ឋ​មាន​ចំនួន​ច្រើន​បាន​សម្រុក​ឆ្លង​ដ​ទទឹង​ទៅ​ខេត្តកំពង់ឆ្នាំង ​និង​រាជធានី​ភ្នំពេញ ​។

គួរ​បញ្ជាក់​ដែរ​ថា​ ការ​កកស្ទះ​ចរាចរណ៍​នេះ​ កើតឡើង​មុន​ពេល​បុណ្យ​ទាន ពេល​ដែល​ប្រជា​ពលរដ្ឋ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​ និង​ក្រោយ​ពិធីបុណ្យ​ទាន​ពួក​គាត់​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ​ជា​រៀង​រាល់​ឆ្នាំ ​។