ស្រុកស្ទឹងត្រង់ រៀបចំការប្រណាំងទូក «ង» ១៥គូ យ៉ាងសប្បាយរីករាយនាថ្ងៃភ្ជុំបិណ្ឌ និងគ្រោងពង្រីកឱ្យកាន់តែធំនៅឆ្នាំក្រោយ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ពិធីប្រណាំងទូក«ង» ត្រូវបានបុព្វបុរសខ្មែរតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំតាមដងស្ទឹង បឹងបួរ ឬទន្លេ ដើម្បីបង្កើតនៅភាពសប្បាយរីករាយ គិតមកដល់សព្វថ្ងៃមានរយៈពេលរាប់រយឆ្នាំមកហើយ ។

ជាក់ស្ដែង រដ្ឋបាលស្រុកស្ទឹងត្រង់ បានរៀបចំពិធីនេះឡើង កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ចំថ្ងៃភ្ជុំបិណ្ឌធំទូក«ង»មកពីខេត្តក្រចេះ ត្បូងឃ្មុំ ស្ទឹងត្រង់ មានចំនួន១៥គូ ដើម្បីប្រណាំងក្នុងគោលបំណងបង្ហាញពីចំណងសាមគ្គីភាពរវាងកីឡាករទៅវិញទៅមក។

លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់បានឱ្យដឹងថា ជារៀងរាល់ឆ្នាំរដ្ឋបាលស្រុកស្ទឹងត្រង់ តែងតែរៀបចំកម្មវិធីប្រណាំងទូក «ង» នេះឡើង ដើម្បីជាការរំលឹកគុណដល់ដូនតាខ្មែរយើង ដែលបានរក្សាទំនៀមទម្លាប់នេះ បន្សល់ទុករហូតមកដល់សព្វថ្ងៃ ។ជាមួយនោះ សម្រាប់អបអរសាទរ និងបង្កើតភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ក្នុងឱកាសថ្ងៃភ្ជុំបិណ្ឌធំ ដែលញ៉ាំងឲ្យមានការប្រណាំងទូក នៅមាត់ទន្លេមេគង្គមុខសាលាស្រុកស្ទឹង ។

អភិបាលស្រុកស្ទឹងត្រង់បានបន្តឲ្យដឹងទៀតថា ការកម្មវិធីនេះ គឺបានប្រព្រឹត្តទៅដោយមានការគាំទ្រ និងការចូលរួមឧបត្ថម្ភពីឯកឧត្តម ហ៊ុន ម៉ានិត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រះមេគុណស្រុកស្ទឹងត្រង់ ព្រមទាំងសប្បុរសជនជិតឆ្ងាយបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកក្នុងការឧបត្ថម្ភដល់ក្រុមកីឡាទូក «ង» ចំនួន១៥គូ ដែលបានចូលរួមប្រកួតក្នុងការបង្ហាញបទពិសោធន៍និងរិតចំណងសាមគ្គីភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

ចំពោះការប្រណាំង គឺក្រុមកីឡាបានចាប់គូដោយបានអ៊ុតមួយលើក មិនមានការដណ្ដើមយកជ័យលាភីនោះទេ ។ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពធ្វើឲ្យប្រជាពលរដ្ឋនៅគ្រប់ទិសទីបាននាំគ្នាមកទស្សនាឈរត្រៀបត្រា តាមច្រាំងទន្លេច្រើនកុះករចូលដល់ខ្ទង់ម៉ឺននាក់ ។

អភិបាលស្រុកស្ទឹងត្រង់បញ្ជាក់ថា ក្រោយពីទទួលបានជោគជ័យក្នុងការរៀបចំប្រណាំងទូកងនេះឡើង នៅឆ្នាំ២០២៧ រដ្ឋបាលស្រុកស្ទឹងត្រង់នឹងបន្តគៀងគរថវិកាពីសប្បុរសជនជិតឆ្ងាយដើម្បីឲ្យមានកម្មវិធីនេះឡើងកាន់តែមានភាពអាធឹកអាធមជាងនេះបន្ថែមទៀត ។ប្រយោជន៍ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយមានការចងចាំ និងមិនអាចបំភ្លេចបានពីស្នាដៃរបស់ដូនតាដែលបានបន្សល់ទុកធ្វើយ៉ាងណារក្សានៅប្រពៃណីប្រណាំងទូក« ង»នេះឲ្យបាននៅគង់វង្សយូរអង្វែង ។






ចែករំលែកព័តមាននេះ