ទីក្រុងរីយ៉ាត៖ ប្រទេសអារ៉ាប៊ីសាអូឌីតចាប់ផ្ដើមបើកការស៊ើបអង្កេតទ្រង់ទ្រាយធំដើម្បីចង់ដឹងថាមូលហេតុអ្វីបានជាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនមិនអាចស្ទាក់ចាប់គ្រាប់មីស៊ីល និងដ្រូនដែលបញ្ជូនដោយក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉េនដើម្បីទៅវាយប្រហារព្រលានយន្តហោះ និងទីតាំងដទៃទៀតនៅអារ៉ាប៊ីសាអូឌីត។ ជាពិសេស ហ៊ូទីវាយប្រហារអាកាសយានដ្ឋានទីក្រុងរីយ៉ាតកាលពីប៉ុន្មានថ្ងៃមុននេះបណ្ដាលឱ្យស្លាប់មនុស្ស១៣នាក់ និងរបួសជាង៣រយនាក់។ ខាងលើនេះជាការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាល២នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះ។

លទ្ធផលស៊ើបអង្កេតបឋមរកឃើញថាក្រុមហ៊ូទីជាដំបូងបានបញ្ជូនដ្រូនជាច្រើនគ្រឿងទៅវាយប្រហារអារ៉ាប៊ីសាអូឌីតដើម្បីជួយបើកផ្លូវឱ្យគ្រាប់មីស៊ីលបណ្ដែត (គ្រូសមីស៊ីល) និងមីស៊ីលផ្លោង (ballistic) ហោះដល់អាកាសយានដ្ឋានអន្តរជាតិឃីងខាលីត (King Khalid) នៃទីក្រុងរីយ៉ាត។ ក្រុមហ៊ូទីមានមីស៊ីលផ្លោងដែលបំពាក់បច្ចេកវិទ្យាទំនើបនៅនឹងក្បាលគ្រាប់។ ហេតុនេះ មីស៊ីលរបស់ពួកគេអាចហោះបត់បែនចុះឡើងៗគេចផុតពីការតាមប្រមាញ់របស់ខែលការពារដែនអាកាសដ៏ទំនើបរបស់អាមេរិកម៉ាកផេទ្រាត (patriot) និងខែលការពារដទៃទៀតដែលប្រើប្រាស់ដោយអារ៉ាប៊ីសាអូឌីត។

មន្ត្រីដែលស្នើសុំមិនបញ្ចេញឈ្មោះដដែលនោះប្រាប់ថាការស៊ើបអង្កេតលើកនេះក៏មានគោលបំណងសិក្សាស្វែងយល់អំពីមូលហេតុអ្វីបានជាប្រព័ន្ធការពារដែនអាកាសមិនបានផ្ដល់សញ្ញាព្រមានទុកជាមុនថាមានគ្រាប់មីស៊ីលហោះទៅវាយប្រហារ។ គិតចាប់ពីទីតាំងដែលពួកហ៊ូទីបាញ់មីស៊ីលចេញពីប្រទេសយេម៉េនរហូតដល់រាជធានីរីយ៉ាតមានចម្ងាយជាងមួយពាន់គីឡូម៉ែត្រ។ ដូច្នេះ ចម្ងាយប៉ុណ្ណេះល្មមអាចឱ្យប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីតមានពេលគ្រប់គ្រាន់ដើម្បីបញ្ចេញប្រតិកម្មតប។

ភាពចន្លោះប្រហោងដែលមីស៊ីលរបស់ហ៊ូទីអាចវាយប្រហារព្រលានយន្តហោះរបស់អារ៉ាប៊ីសាអូឌីតបានសម្រេចជាការបង្ហាញនូវចំណុចខ្សោយរបស់ប្រព័ន្ធការពារដែនអាកាសអារ៉ាប៊ីសាអូឌីត ហើយជាចំណុចគ្រោះថ្នាក់នៅក្នុងកាលៈទេសៈដែលសង្គ្រាមកំពុងផ្ទុះឡើងកាន់តែខ្លាំងឡើងៗនៅមជ្ឈិមបូព៌ា។ ក្រុមសម្ព័ន្ធមិត្តដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតក៏បានអះអាងផងដែរថាកាលពីម្សិលមិញ ក្រុមហ៊ូទីបាញ់មីស៊ីលតម្រង់ទៅរកទីក្រុងរីយ៉ាត ប៉ុន្តែមីស៊ីល២គ្រាប់ត្រូវបានបាញ់ស្ទាក់ និងកម្ទេចចោល។ គេស្ដាប់ឮសំឡេងផ្ទុះយ៉ាងតិចបីដងកាលពីរាត្រីថ្ងៃចន្ទ។ ក្រុមហ៊ូទីប្រកាសថាពួកគេពិតជាបានបាញ់មីស៊ីលតម្រង់ទៅរកអាកាសយានដ្ឋានឃីងខាលីតមែន។ ពួកគេព្រមានក្រុមហ៊ុនអាកាសចរណ៍ថាព្រលានយន្តហោះទូទាំងប្រទេសអារ៉ាប៊ីសាអូឌីតគ្មានសុវត្ថិភាពឡើយ លើកលែងតែនៅទីក្រុងពិសិដ្ឋមិចកា (Mecca) និងមេឌីណា (Medina) ប៉ុណ្ណោះ។

នៅពេលក្រុមហ៊ូទីធ្វើព្យុះធ្វើភ្លៀងខ្លាំងពេកយ៉ាងដូច្នេះ អារ៉ាប៊ីសាអូឌីតចង់ងាកទៅខាងអាមេរិកដើម្បីចាត់វិធានការឱ្យបានខ្លាំងក្លាបន្ថែមទៀតប្រឆាំងនឹងក្រុមនេះ។ សព្វថ្ងៃនេះ អាមេរិកចែករំលែកព័ត៌មានសម្ងាត់ និងជួយរៀបចំផែនការវាយប្រហារ។ ប៉ុន្តែអាមេរិកមិនទាន់ចូលរួមវាយប្រហារក្រុមហ៊ូទីដោយផ្ទាល់ទេ។ ប្រសិនបើអាមេរិកហ៊ានលូកដៃកាន់តែជ្រៅ ក្រុមហ៊ូទីអាចនឹងបិទច្រកសមុទ្រដែលនាំឆ្ពោះទៅបាបអែលមេនដេប (Bab el-Mandeb) នៅចុងភាគខាងត្បូងសមុទ្រក្រហម។ ហេតុនេះ សកម្មភាពដឹកជញ្ជូនប្រេងឆៅដែលកំពុងតែពិបាកស្រាប់ទៅហើយនោះ នឹងរឹតតែពិបាកខ្លាំងមែនទែន៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ