ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៣​នាក់​ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ពាក់ព័ន្ធករណី​ទទួលផល​ចោរកម្ម និង​ប្រើប្រាស់​​សារធាតុ​ញៀ.ន

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​បណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ សុខ​ជា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ស្តី​ពី​ករណី​បាត់​ម៉ូតូ​កង់​បី​១​គ្រឿង ម៉ាក​វ៉េវ ពណ៌​លឿង លាយ​ត្រួយ​ចេក និង​ក្រហម គ្មាន​ផ្លា​ក​លេខ​។

ក្រោយ​ពី​ទទួល​បណ្ដឹង​ខាងលើ​លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ រហូត​ដល់​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៦ ទើប​ម្ចាស់​ម៉ូតូ បាន​ប្រទះ​ឃើញ​ម៉ូតូ​របស់​ខ្លួន មាន​មនុស្ស​ប្រុស​ចំនួន​០៣​នាក់​កំពុង​ជិះ​ ដោយ​ដោះ​រឺ​ម៉ក​ចេញ ហើយ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម​ៗ ហើយ​ពេល​នោះ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ទាំង​៣​នាក់​នោះ​ដើម្បី​ធ្វើការ​សួរនាំ​។

     លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​៖ ១-​ឈ្មោះ សួរ រស្មី (​ស្មី​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ,២-​ឈ្មោះ​សួរ រ​ស្ម៊ី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ៣-​ឈ្មោះ ពៅ អូរ​ប៉​ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់ អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ឃាត់​ក៏​បាន​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​ឃើញ​មាន​វិជ្ជមាន​(+)​។

លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ឃាត់ខ្លួន​និង​សួរនាំ​រួច ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​បាន​ទិញ​ម៉ូតូ​ពី​យុវជន​ម្នាក់​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​តម្លៃ​ចំនួន​១,២០០,០០០​រៀល (​មួយ​លាន​ម្ភៃ​ម៉ឺន​) ហើយ​គ្មាន​លិខិត​ទិញ​-​លក់​នោះ​ទេ​។

ដោយ​ផ្អែក​លើច​ម្លើយ​សារភាព​និង​មាន​វត្ថុ​តាង​ ជាក់ស្តែង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ចំណែក​ជន​ដៃដល់​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ចំពោះ​ម៉ូតូ​ជា​វត្ថុ​តាង​នោះ ត្រូវ​បាន​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​ហើយ​។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មើ​ស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ​ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១២ ខែតុលា ឆ្នាំ​២០២៦​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕