ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធបរិស័ទជិតឆ្ងាយនាំយកចង្ហាន់ប្រគេនព្រះសង្ឃ និងទស្សនាប្រាសាទបុរាណនៅវត្តនគរបាជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

1 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​និង​រថយន្ត​មក​ពី​ទី​ជិត​ពី​ឆ្ងាយ​នាំ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​នគរ​បា​ជ័យ​ក្រៅ​ ព្រមទាំង​មើលរូប​ចម្លាក់​នៅ​ប្រាសាទបុរាណ​ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម​ ។ ​ជាមួយ​នោះ​គេ​បានឃើញ​ប្រជា​ការពារ ​ព្រមទាំង​កម្លាំង​នគរបាល​បាន​ជួយ​ពង្រឹង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ទៀត​ផង​។

លោកតា​ឡាយ គី​ម​ឈាង អាយុ​៨០​ឆ្នាំ​ ដែល​មានស្រុក​កំណើត​ក្នុងស្រុក​កំពង់សៀម បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ក្នុង​ឱកាស​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​ត្រូវ​នៅ​ថ្ងៃ​ទី​១១ ខែតុលា​ ឆ្នាំ​២០២៦ គាត់​បាន​នាំ​កូន​នឹង​ចៅ​ៗ​មក​បួងសួង​នៅ​តា​ព្រហ្ម​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ប្រាសាទ​នគរ​បា​ជ័យ ទីកន្លែង​នេះ​ហើយ​ដែល​ធ្លាប់​បាន​បួងសួង​និង​ប្រាថ្នា​សុំ​សេចក្តីសុខ​គឺ​បាន​តាម​ដូច​បំណង​មែន​។ និយាយ​រួម​តាំង​តែ​ពី​កូន​នៅ​តូច​ៗ​ឲ្យ​តែ​រដូវ​បុណ្យ​ទាន​ម្ដង​ៗ គាត់​មិន​ដែល​អាក់ខាន​នោះ​ទេ តែងតែ​មក​អុជ​ធូប​បួងសួង​សុំ​សុខ​ក្នុង​ក្រុម​គ្រួសារ​និង​ប្រកប​របរ​លក់ដូរ​គឺ​បាន​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ កត្តា​ទាំងនេះ​ហើយ​ធ្វើ​ឲ្យ​គាត់​មាន​ជំនឿ​លើ​លោកតា​ព្រហ្ម​។

ចំណែក​ព្រះ​តេជគុណ​សេង រ​ដ្ឋា​ ចៅអធិការ​វត្ត​នគរ​បា​ជ័យ​ក្រៅ​វិញ​មាន​ថេរដិ​កា​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ពេល​រដូវ​ដាក់​បិណ្ឌ​ទី​មួយ​ជា​ហូរហែ​រហូត​មក​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​គឺ​មាន​បងប្អូន​ពុទ្ធបរិស័ទ​ចំណង​ជិត​ឆ្ងាយ​បាន​នាំ​យក​ចង្ហាន់​មក​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​ទី​អារាម​ដោយ​មាន​ជា​ហូរហែ​មាន​ថ្ងៃ​ខ្លះ​ពុទ្ធបរិស័ទ​ច្រើន​ ។ ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មេឃ​បាន​បង្អុរ​ភ្លៀង​ធ្លាក់​ជា​ច្រើន​មេ​តែ​ដោយ​គណៈកម្មការ​វត្ត​បាន​ចាក់​បេតុង​នៅ​ទីធ្លា​មុខ​សាលាឆាន់​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពុទ្ធបរិស័ទ​ដោយ​បាន​ដើរ​ស្រួល​ជើង​មិន​ប្រឡាក់​ភក់​។

ព្រះ​ចៅអធិការ​វត្ត​នគរ​បា​ជ័យ​ក្រៅ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​កាត់​សម្គាល់​ចំពោះ​សារៈសំខាន់​នៃ​ភ្ជុំបិណ្ឌ​គឺ​មាន​៥​ចំណុច​ធំ​ៗ​ក្នុង​នោះ​រួម​មាន​÷
១.​ធ្វើ​ឱ្យ​កូនចៅ​នឹកឃើញ​ដល់​បុព្វការី​ជន​ដែល​បាន​ស្លាប់​ទៅ​ដល់​ពេល​ភ្ជុំបិណ្ឌ​ត្រូវ​មក​។
២.​ធ្វើ​ឱ្យ​នឹកឃើញ​ដល់​អ្នក​មានគុណ (​ឪពុក​ម្ដាយ​)​ដែល​រស់នៅ​បច្ចុប្បន្ន ត្រូវ​ត្រឡប់​មក​ពី​ទី​ផ្សេង​ៗ​ឆ្ពោះ​មក​ស្រុក​កំណើត​។
៣.​ម្ចាស់​សទ្ធា​ត្រូវធ្វើ​បុណ្យ​ខ្លួនឯង​ដើម្បី​ទុកជា​ស្បៀង​សម្រាប់​ពេល​ខាង​មុខ​។

៤.​វប្បធម៌​នៃ​ការ​ចែករំលែក​អ្នកមាន​លទ្ធភាព​ត្រូវ​បាន​យក​ចង្ហាន់​មក​ប្រគេន​ដល់​ព្រះសង្ឃ​និង​អ្នក​ខ្វះខាត​ដែល​ស្នាក់​អាស្រ័យ​នៅ​វត្ត​អារាម​។
៥.​មក​ជួបជុំ​គ្នា​ពី​គ្រប់​ទិស​ទី​ដើម្បី​បង្កើត​នៅ​ភាព​សប្បាយ​រីករាយ​។

ព្រះ​ចៅអធិការ​វត្ត​បាន​បង្ហាញ​ពី​ព្រះ​ទ័យ​ពេល​ខាង​មុខ​ដែល​គ្រោង​បង្កើត​សារមន្ទីរ​នៅ​ក្នុង​បរិវេណ​វត្ត​នគរ​បា​ជ័យ​ក្រៅ​សារៈសំខាន់​គឺ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​កំសាន្ត​លេង​នៅ​ប្រាសាទ​នគរ​បា​ជ័យ​កាន់តែ​ច្រើន​ឡើង​លើកកម្ពស់​នៅ​វិស័យ​ទេសចរណ៍​នៅ​ខេត្តកំពង់ចាម​ ៕​