រយៈពេល៣ថ្ងៃ! ចាប់ពីបុណ្យកាន់បិណ្ឌវេនទី១៣ ដល់ភ្ជុំធំ ភ្ញៀវទេសចរជាង ១០ម៉ឺននាក់ មកកម្សាន្តខេត្តកំពង់ឆ្នាំង
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃដាក់បិណ្ឌវេនទី ១៣ វេទទី ១៤ និងថ្ងៃភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៩ ថ្ងៃទី ១០ និងថ្ងៃទី១១ តុលា ខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរទៅលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានា សរុបមានចំនួន ១០៥ ១៣៤នាក់ (ស្រី ៥១ ៨០៩នាក់) ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។
ក្នុងរបាយការណ៍របស់មន្ទីរទេសចរណ៍ដដែលបានបញ្ជាក់ថា ក្នុងថ្ងៃភ្ជុំធំត្រូវនឹងថ្ងៃទី១១ ខែតុលា ភ្ញៀវទេសចរណ៍ តាមរមណីយដ្ឋាននានាសរុបចំនួន ៧៣ ៤៨៦នាក់ ក្នុងនោះភ្ញៀវដែលទៅលេងកំសាន្តច្រើនជាងគេគឺរមណីយដ្ឋាន គង្គា ដែលមានភ្ញៀវទេសចរសរុបចំនួន ៥១០០នាក់ បន្ទាប់មករមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលមានភ្ញៀវទេសចរចំនួន ៤៩២៥នាក់ រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល មានភ្ញៀវទេសរសរុបចំនួន ៣១៦៥នាក់ និងចុងក្រោយទឹកធ្លាក់អន្លង់ស្វាយ មានភ្ញៀវទេសចរទៅលេងកំសាន្តចំនួន៨៤៩នាក់ នេះគិតតែត្រឹមថ្ងៃភ្ជុំធំតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍ចំនួន ១៦កន្លែង ក្នុងនោះមានរមណីយដ្ឋានទឹកធ្លាក់ធម្មជាតិ ដូចជាទឹកធ្លាក់ស្រែអំពិល ទឹកធ្លាក់ថ្មក្រាល ទឹកធ្លាក់ថ្មដា និងទឹកធ្លាក់អន្លង់ស្វាយជាដើម ។ រមណីយដ្ឋាន កើតចេញពីការធ្វើធារាសាស្ត្រ ដូចជាធារាសាស្ត្រ គង្គា ធារាសាស្ត្រអាចាង និងធារាសាស្ត្រលំហាច ។រមណីយដ្ឋានវប្បធម៌ ដូចជាប្រាសាទកំពង់ព្រះ និងរមណីយដ្ឋានប្រវត្តិសាស្ត្រដូចជាវត្តលង្វែក និងវត្តកំពង់ត្រឡាចលើ ជាដើម ៕








ចែករំលែកព័តមាននេះ