ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង ស្លា.ប់២នាក់ របួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិលេខ៤៤
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ មនុស្សចំនួន២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយមនុស្សម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈដែលម៉ូតូ២គ្រឿងបុកគ្នាចំពីមុខយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៤៤។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងកាលពីវេលាម៉ោង៧និង៥នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៨២-ទៅលេខ៨៣ ត្រង់ចំណុចភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកថ្ពងបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាកហុងដាធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ រុន ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ (ពាក់មួកសុវត្ថិភាព) បើកបរឌុបមនុស្សម្នាក់ឈ្មោះ ព្រំ ដាណែត ភេទប្រុស អាយុ ២០ឆ្នាំ (ពាក់មួកសុវត្ថិភាព) អ្នកទាំងពីរនាក់រស់នៅក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបើកបរតាម បណ្តោយផ្លូវជាតិលេខ៤៤ ពីទិសខាងកើតទៅទិសខាងលិច លុះពេ ធ្វើដំណើរមកដល់ចំណុចខាងលើ បានទៅបុកជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាធុនសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Q-3499 អ្នកបើកបរឈ្មោះ ព្រិច សម្ផស្ស័ ភេទប្រុស អាយុ ២១ឆ្នាំ (ពាក់មួកសុវត្ថិភាព) រស់នៅក្នុងភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសចំពីមុខពេញទំហឹងបណ្ដាលឲ្យស្លាប់មនុស្សចំនួន ២នាក់ប្រុស មានឈ្មោះ (រុន ភារម្យ និងឈ្មោះព្រិច សម្ផស្ស័ ) នគរបាលជំនាញ បានប្រគល់សាកសព ជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកអ្នករងរបួសធ្ងន់ ឈ្មោះ ( ព្រំ ដាណែត ) ត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ។ រងការខូចខាតម៉ូតូចំនួន២គ្រឿងកម្រិតធ្ងន់ ។
នគរបាលស្រុកថ្ពង បានបញ្ជាក់ថាចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿងខាងលើ នគរបាលជំនាញបានយកទៅរក្សាទុកប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំង នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕



ចែករំលែកព័តមាននេះ