ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំថ្លែងថារុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងផ្អាកវាយប្រហារទៅលើទីតាំងផលិត ឬស្តុកទុកថាមពល (ប្រេង អគ្គិសនី។ល។)។ ទោះជាមានការអះអាងបែបនេះក្ដី រដ្ឋាភិបាលទីក្រុងកៀវថ្លែងថាខ្លួននៅតែរងការវាយប្រហារពីរុស្ស៊ីដដែល។ លោកត្រាំមិនបាននិយាយលម្អិតអំពីបញ្ហានេះទេ។ ហេតុនេះ ក្រោយការប្រកាសរបស់លោកមិនប៉ុន្មានទេ គេឃើញថារុស្ស៊ីបន្តវាយប្រហារទៅលើទីតាំងថាមពលរបស់អ៊ុយក្រែន។ សារដែលលោកត្រាំបង្ហោះនៅលើបណ្ដាញសង្គមនោះគ្រាន់តែនិយាយដោយសង្ខេបថាការផ្អាកវាយប្រហារទីតាំងថាមពលគ្នាទៅវិញទៅមកនឹងចាប់ផ្ដើមអនុវត្តភ្លាមៗ។

លោកសរសេរបន្ថែមជាសារដាស់តឿនថា «កុំធ្វើខុសពីការសន្យានេះឱ្យសោះ»។ រុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយទៅលើរឿងនេះទេ។ ចំណែកប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ថ្លែងថាប្រទេសរបស់លោកស្វាគមន៍សេចក្ដីប្រកាសរបស់លោកត្រាំដោយចាត់ទុកថានេះជាដំណឹងល្អសម្រាប់គ្រប់គ្នា។ ប៉ុន្តែទន្ទឹមនឹងនោះ រុស្ស៊ីបន្តវាយប្រហារទីតាំងថាមពលរបស់អ៊ុយក្រែននៅរដ្ឋធានីកៀវ និងទីក្រុងខាគីវ។ លោកថ្លែងនៅក្នុងសុន្ទរកថាប្រចាំពេលរាត្រីថា «គួរឱ្យស្ដាយ ពេញមួយថ្ងៃនេះឃើញតែដ្រូនអត្តឃាតម៉ាកសាហ៊ីត (shahed) របស់រុស្ស៊ីហោះងងឹតមេឃមកវាយប្រហារអ៊ុយក្រែន។ មានទាំងគ្រាប់បែកបញ្ជាពីចម្ងាយ និងការវាយប្រហារទៅលើទីតាំងថាមពលរបស់យើងផងដែរ។ រោងចក្រអគ្គិសនីមួយកន្លែងនៅទីក្រុងខាគីវរងការវាយប្រហារនៅយប់នេះ»។

ខុទ្ទកាល័យរបស់លោកហ្សេឡិនស្គីបញ្ជាក់ថាទីក្រុងខាគីវបានរងការវាយប្រហារពិតមែនក្រោយពេលលោកត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមអះអាងថាភាគីទាំង២ស្រុះស្រួលគ្នាផ្អាកវាយប្រហារទីតាំងថាមពល។ លោកហ្សេឡិនស្គីថ្លែងថាអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចដើម្បីផ្អាកវាយប្រហារទីតាំងថាមពលរបស់រុស្ស៊ី ហើយសង្ឃឹមថារុស្ស៊ីក៏ត្រៀមខ្លួនអនុវត្តតាមវិធីនេះដូចគ្នា។ រុស្ស៊ីវាយប្រហារមិនរើសមុខឡើយ ហើយមិនខ្វល់ថាជាទីតាំងផលិតថាមពល កម្ដៅ និងទឹកស្អាតសម្រាប់ជនស៊ីវិលទេ ព្រោះរុស្ស៊ីសង្ឃឹមថានឹងធ្វើឱ្យអ៊ុយក្រែនចុះខ្សោយកម្លាំងតស៊ូរបស់ខ្លួន។

មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនចាត់ទុកយុទ្ធសាស្ត្រនេះជា «ការយករដូវរងាធ្វើជាអាវុធ»។ លោកហ្សេឡិនស្គីថ្លែងថាអ៊ុយក្រែនធ្លាប់បំផុសគំនិតជាច្រើនដងរួចមកហើយថាគួរតែបន្ធូរបន្ថយភ្លើងសង្គ្រាម។ ប៉ុន្តែលោកពូទីនមានចម្លើយតែមួយគត់ឆ្លើយតបទៅនឹងសំណូមពរទាំងនោះ។ នោះគឺពាក្យថា «ទេ»។ «យើងសង្ឃឹមថានៅទីបញ្ចប់ គាត់នឹងនិយាយពាក្យអ្វីផ្សេងទៅកាន់អាមេរិក អ៊ុយក្រែន និងពិភពលោកទាំងមូល»។ ហ្សេឡិនស្គីថ្លែងបន្តទៀតថារដ្ឋាភិបាលរបស់លោកនៅតែបន្តរក្សាទំនាក់ទំនងជាមួយអាមេរិកជានិច្ច ហើយអ៊ុយក្រែនក៏សូមអរគុណប្រជាជនអាមេរិកដែលតែងតែផ្ដល់ការគាំទ្រចំពោះអ៊ុយក្រែន។

តាមរយៈសារដែលបង្ហោះនៅលើបណ្ដាញអ៊ិច លោកថាលោកបានសន្ទនាគ្នាជាមួយនាយករដ្ឋមន្ត្រីកាណាដា, ប្រធានាធិបតីហ្វាំងឡង់ និងអគ្គលេខាធិការអង្គការណាតូអំពីស្ថានការណ៍វិវត្តថ្មីៗ។ នៅក្នុងបទសម្ភាសដែលចាក់ផ្សាយកាលពីព្រឹកថ្ងៃអាទិត្យ លោកហ្សេឡិនស្គីអះអាងថារដ្ឋាភិបាលរបស់លោកយល់ព្រមផ្អាកវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី, សំខាន់ឱ្យតែរុស្ស៊ីផ្អាកវាយប្រហារទីតាំងផលិតថាមពលរបស់អ៊ុយក្រែន។ លោកក៏ឆ្លៀតឱកាសនេះអំពាវនាវឱ្យលោកត្រាំជំរុញឱ្យទីក្រុងម៉ូស្គូស្រុះស្រួលទទួលយកសំណើនេះ។ លោកថ្លែងប្រាប់វិទ្យុអេប៊ីស៊ីនៅក្នុងកម្មវិធី «សប្ដាហ៍នេះ» ថាយើងសូមអំពាវនាវឱ្យលោកត្រាំបោះដៃទៅរុស្ស៊ីដើម្បីផ្អាកវាយប្រហារទីតាំងថាមពលរបស់អ៊ុយក្រែន៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ