ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ពិធី​បោះ​បាយបិណ្ឌ​នា​ព្រឹក​ព្រលឹម​នៅ​ខេត្តសៀមរាប​៖ ការ​អភិ​រក្ស​ប្រពៃណី​បុរាណ និង​ទស្សនៈ​ក្នុង​សង្គម​បច្ចុប្បន្ន

1 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ដើម្បី​លើក​ស្ទួយ ​និង​ថែរក្សា​នូវ​ប្រពៃណី ទំ​នៀ​មទម្លាប់​​របស់​ប្រជា​ពុទ្ធ​បរិ​ស័​ទ​ខ្មែរ​យើង នៅ​ក្នុង​ឱកាស​គោរព​ប្រតិបត្តិ​បុណ្យកាន់បិណ្ឌ និង​បោះ​បាយបិណ្ឌ ប្រជា ពលរដ្ឋ​ខ្មែរ​កាន់សាសនា​ព្រះពុទ្ធ ដើម្បី​បោះ​បាយបិណ្ឌ​បញ្ជូន​ឧទ្ទិស​​កុសល​ទៅ​ដល់​ញាតិ សន្ដាន​​ដែល​បាន​ចែក​ឋាន​ទៅ​បរលោក មិនដឹង​ថា ​កើតជា​នរក​ប្រែ​ត​ ឬ​យ៉ាងណា ។   ជាក់ស្តែង​ នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១០​​តុលា ឆ្នាំ​២០២៦ ឯកឧត្តម ប្រាក់ សោ​ភ័​ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀម​រាប រួម​ទាំង​គណៈ​អភិ​បាលខេត្ត បាន​ដឹកនាំ មន្ត្រីរាជការ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​ប្រជា​ពុទ្ធបរិស័ទ បាន​រៀបចំ​ពិធី​បោះ​បាយបិណ្ឌ ដើម្បី​ចូលរួម​លើក​ស្ទួយ និង​ថែរក្សា​ប្រពៃណី ទំនៀម​ទម្លាប់ ដូនតា​ខ្មែរ​យើង ដែល​មាន​ជា​យូ​លុង​មក​ហើយ​ ។

​ក្នុង​វេលា​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​សៀមរាប ​និង​ថ្នាក់ដឹកនាំ​ខេត្ត ព្រមទាំង​ប្រជា ពុទ្ធបរិស័ទ​ បាន​ធ្វើការ​សូត្រធម៌ បួងសួង​ឧទ្ទិស​ទៅ​ដល់​សាច់ញាតិ​ដែល​ស្លាប់ និង​បោះ​បាយបិណ្ឌ​នៅ​ជុំវិញ​ព្រះ​វិហារ​ដោយ​គេ​ជឿ​ថា វិញ្ញាណ​ទាំងឡាយ​ណា​ដែល​គ្មាន​សាច់​ញាតិ ត្រូវ​បាន​គេ​ដោះ​លែង​ពី​ឋាននរក​ឱ្យមក​កាន់​វត្ត​អារាម ដើម្បី​មក​ទទួលយក​អាហារ​ពី​សាច់​ញាតិរបស់​ពួក​គេ​នៅ​ពេល​យប់ ហើយ​វិញ្ញាណ​ទាំងនោះ នឹង​ត្រូវ​ត្រឡប់​ទៅ​ឋាន​នរក​វិញ នៅ​មុន​ពេល​ព្រះអាទិត្យ​រះ ។

​ពិធី​បោះ​បាយបិណ្ឌ ជា​ពិធី​មួយ​ដែល​ដូនតា​ខ្មែរ​ប្រារព្ធ​ធ្វើ​តាំងពី​យូរលង់​ណាស់​មក​ហើយ​។ តាម​ការ​ស្រាវជ្រាវ​ពិធី​នេះ ត្រូវ​បាន​ខ្មែរ​យើង​ប្រារព្ធ​ធ្វើ​តាំងពី​សតវត្ស​ទី​៩​មក​ម្ល៉េះ​  ពោល​គឺ ក្នុង​រាជ្យ​ព្រះបាទ​​យ​សោ​វ​រ្ម័​ទេវ​ទី​១ នា​ចុង​សតវត្ស​ទី​៩ ​និង​ដើម​សតវត្ស​ទី​១០ គ្រាន់តែ​ពេល​នោះ​គេ​ប្រើ​ពាក្យ​   «​ស្រា​ទ្ធ​» ជំនួស​ពាក្យ​ថា «បាយបិណ្ឌ​» ខុស​គ្នា​​តែ​ពាក្យ ប៉ុន្តែ គោល​បំណង​គឺ​ដូច​គ្នា ។

នៅ​ប្រាសាទ​អង្គរវត្ត ដែល​បាន​សាងសង់​ឡើង​នៅ​ដើម​សតវត្ស​ទី​១២ ក្នុង​រាជ្យ​ព្រះបាទ​សុរិយា​វ​ម្មិ​ទី​២ នៅ​លើ​ជញ្ជាំង​ខាងត្បូង មាន​ចម្លាក់​រឿង​ឋានសួគ៌​ ឋាននរក ដែល​បញ្ជាក់​ថា មាន​ជំនឿ​លើ​នរក​ប្រែត​​នេះ​ផង​ដែរ ។ នៅ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វ​រ្ម័​ទី​៧ មាន​រូបចម្លាក់​រឿង​​ប្រេត​នៅ​ប្រាសាទ​តា​នៃ (​គោ​បុ​រៈ​ខាងកើត​)​ ។ នៅ​សតវត្ស​ទី​១៦ ក្នុង​រាជ្យ​ព្រះ​ស​ត្ថា​ទី​១ មាន​សិលាចារឹក​នៅ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​ជ្រុង​ខាងកើត បាន​រៀបរាប់​ពី​រឿង​ពិធី​បិណ្ឌ​នេះ​ ។

ទើបតែ​ក្នុង​រាជ្យ​ព្រះ​ព្រះបាទ​អង្គឌួង​នា​សតវត្ស​ទី​១៩ ព្រះ​អង្គ​បាន​រៀបចំ​ឲ្យ​មាន​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ១៥​ថ្ងៃ ពី​ថ្ងៃ ១​រោច ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ជា​រៀង​រាល់​ឆ្នាំ បានជា​លំ​អាន​រហូត​ដល់​ពេល​បច្ចុប្បន្ន​ ។ បច្ចុប្បន្ន​ ការ​បោះ​បាយបិណ្ឌ​ជា​សកម្មភាព​មួយ ដែល​មិន​ទាន់​មានការ​ឯកភាព​គ្នា​ នៅ​ក្នុង​សង្គម​ពុទ្ធសាសនិក​នៅឡើយ​ទេ ដោយ​អ្នកខ្លះ​បាន​ចាត់​ទុក​ការ​បោះ​បាយបិណ្ឌ ជា​កិច្ច​ដ៏​សំខាន់​មួយ​មិន​អាច​ខាន​បាន​ នៅ​ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​នេះ​  ខណៈ​ដែល​អ្នកខ្លះ​បាន​អះអាង និង​រិះគន់​ដាច់ខាត​ថា ការ​បោះ​បាយបិណ្ឌ​ជា​ទ​ង្វើ​មិន​ត្រឹមត្រូវ ព្រោះ​ជា​ជំនឿ​ឥតប្រយោជន៍ និង​ខាតបង់​សេដ្ឋកិច្ច ។

ម្យ៉ាងទៀត​ ការ​បោះ​បាយបិណ្ឌ  ក៏​ជា​ការ​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការ​បង្រៀន​របស់​ព្រះពុទ្ធ​ឡើយ ។ ក៏​ប៉ុន្តែ​អ្នក​ដែល​ជឿ​ថា ការ​បោះ​បាយបិណ្ឌ​មាន​ប្រយោជន៍​ដល់​ពពួក​ប្រែត គួរតែ​បន្ត​ប្រកាន់​ជំនឿ​នេះ ព្រោះ​ជា​ប្រពៃណី និង​ជា​ទម្លាប់​យូរ​មក​ហើយ​របស់​ដូនតា​ខ្មែរ​យើង ហើយ​ចាស់ទុំ​បាន​បង្កប់ន័យ​អប់រំ នៅ​ក្នុង​ពិធី​នេះ សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​បាន​ដឹងផង​ដែរ ៕