ខេត្តស្ទឹងត្រែង ៖ បុរសជាកម្មករសំណង់ម្នាក់បានដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋានខេត្ត និងសមាគមអាដហុកនៅព្រឹកថ្ងៃទី១២ សីហា ២០១១ បន្ទាប់ពីត្រូវកូនប្រុសលោកមានបុណ្យស័ក្តិក្នុងស្នងការដ្ឋានខេត្តវាយស្ទើរស្លាប់ស្ទើររស់ កាលពីយប់ថ្ងៃទី៩ សីហា ២០១១ ក្នុងភូមិរាចនុកូល សង្កាត់-ក្រុងស្ទឹងត្រែង។
ជនរងគ្រោះឈ្មោះតាំង ប៊ុនហ៊ាន អាយុ៣០ឆ្នាំ ជាកម្មករសំណង់ បាននិយាយទាំងសំឡេងខ្សាវៗក្នុងបន្ទប់សម្រាកព្យាបាលមន្ទីរពេទ្យបង្អែកខេត្តថា នៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី៩ សីហា ២០១១ ខ្លួនកំពុងអង្គុយលេងបៀ ដោយជនដៃដល់ឈ្មោះសាយ ភក្តី ជាមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្ត និងជាកូនប្រុសរបស់លោកកែវ សាខន ស្នងការរងទទួលបន្ទុកកណ្តាលសន្តិសុខ ឈរមើលពីក្រោយហើយបានស្រែកថា «អ្ហែងលេងត្រូវតែស៊ីគ្នា» ខ្ញុំបានឆ្លើយវិញថា «បើខ្ញុំមិនស៊ីយ៉ាងម៉េច» និយាយមិនទាន់ចប់ផង ស្រាប់តែកូនលោកស្នងការរងនោះលោតមកវាយខ្ញុំតែម្តង ហើយខ្ញុំបានរត់មកផ្ទះ បងស្រីខ្ញុំបានសួរពីដំណើររឿង ហើយគាត់បានទៅសួរនាំដល់ផ្ទះលោកស្នងការរង ហើយខ្ញុំបានទៅតាមក្រោយដោយកាន់កាំបិតផ្គាក់មួយដើម្បីការពារខ្លួន ពេលនោះគេឃើញលោកកែវ សាខន ជាឪពុកបានស្រែកពីលើផ្ទះមកឱ្យកូនប្រសាគាត់ម្នាក់ទៀតឈ្មោះប៊ុនណា ព្រមទាំងបងប្អូនគេម្នាក់ទៀត យកខ្ញុំចងស្លាបសេកវាយខ្ញុំ ទាល់តែសន្លប់ លុះពេលដឹងខ្លួនជនដៃដល់សាយ ភក្តី បានអូសខ្ញុំតាមថ្នល់គ្រោះក្រហមចូលក្នុងផ្ទះរបស់គេ ហើយវាយបន្ថែមទៀត រួចមកគេបានហៅនគរបាលស្នងការមកដាក់ខ្នោះដៃខ្ញុំ ក្រោយមកប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ប្រាប់ថា ខ្ញុំមិនបានខុសអ្វីទេ ទើបនគរបាលទាំងនោះដោះខ្នោះដៃចេញវិញ និងសុំទោស ។
ទាក់ទិនករណីនេះ កោះសន្តិភាពមិនអាចសុំការបំភ្លឺពីលោកហោ វុទ្ធី នាយការិយាល័យកម្រិតស្រាលបានទេ ៕
ចែករំលែកព័តមាននេះ