ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! ព្យុះ​ទី​២៨”​ណូ​ឡូ​” និង​ព្យុះ​ទី​២៩ “​កូ​ហ្គូ​ម៉ា​” បន្ត​មាន​ឥទ្ធិពល​លើ​កម្ពុជា

3 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បាន​បញ្ជាក់​ថា​ ព្យុះ​ទី​២៨ ​និង​ព្យុះ​ទី​២៩ ​បន្ត​មាន​ឥទ្ធិពល​លើ​កម្ពុជា​ ដែល​អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ ការ​ជួបជុំ នៅ​តាម​ទី​វត្ត​អារាម និង​សកម្មភាព​ផ្សេង​ៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ​។

យោង​តាម​សេចក្តីជូនដំណឹង ស្តី​ពី​ស្ថានភាព​ធាតុអាកាស ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៦ ​របស់ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​លើក​ឡើង​ថា ព្យុះ​ទី​២៨ ឈ្មោះ ណូ​ឡូ (Nolo) T2628 និង​ព្យុះ​ទី​២៩ ឈ្មោះ កូ​ហ្គូ​ម៉ា (Koguma) T2629 នៅ​តែ​បន្ត​មាន​ឥទ្ធិពល​លើ​របប​ខ្យល់ មូសុង​និរតី​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ក្រសួង​ បាន​លើក​ឡើង​ទៀត​ថា ​ព្រះរាជាណាចក្រ​កម្ពុជា​ ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ​ទាំង​ពីរ​នេះ​ទេ ​។

ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួង​ក្រសួង​ បន្ថែម​ថា ​ស្ថានភាព​បែប​នេះ​ នឹង​ធ្វើ​ឱ្យ​អាកាសធាតុ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៦ មាន​ពពក​ច្រើន និង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ដោយ​លាយឡំ​ជាមួយ ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ចំណែក​រលក​សមុទ្រ​បោកបក់​ខ្លាំង​ដែល​មាន​កម្ពស់​មធ្យម​អប្បរ​មា ០,៥០​ម៉ែត្រ និង​មធ្យម អតិបរមា ១,៧៥​ម៉ែត្រ​ ។

ក្រសួង បាន​បញ្ជាក់​បន្ថែម​ថា ​៖ “​ស្ថានភាព​អាកាសធាតុ​ដូច​ខាងលើ​នឹង​អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ ការ​ជួបជុំ នៅ​តាម​ទី​វត្ត​អារាម និង​សកម្មភាព​ផ្សេង​ៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផង​ដែរ​” ​។

ក្រសួង​បន្ថែម​ទៀត​ថា​ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជូនដំណឹង​ដល់​សាធារណជន និង​អាជ្ញាធរ​ដែនដី មេត្តា​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវគោក និងផ្លូវទឹក ដើម្បី​ជៀសវាង​ពី​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​បន្ត​ធ្វើការ​តាមដាន ​និង​វិភាគ​អំពី​ស្ថានភាព​ធាតុអាកាស​ដើម្បី​ជម្រាប​ជូន ជា​បន្តបន្ទាប់​ក្នុង​ករណី​មានការ​ប្រែប្រួល​ ៕