ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ផ្សះផ្សា UNCLOS នឹង​បើក​កិច្ចប្រជុំ​លើក​ទី​២ ជាមួយ​កម្ពុជា និង​ថៃ នៅ​ទីក្រុង​ឡា​អេ ថ្ងៃ​ទី​១៤-១៨ តុលា

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ផ្សះផ្សា នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដី​ពី​នីតិ​សមុទ (UNCLOS) នឹង​បើក​កិច្ចប្រជុំ​លើក​ទី​២ ជាមួយ​កម្ពុជា និង​ថៃ នៅ​ទីក្រុង​ឡា​អេ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៨ ខែតុលា ២០២៦ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។

តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍ បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៦ គណៈកម្មការ​ផ្សះផ្សា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ឧ​ប​សម្ព័ន្ធ​៥ នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី នីតិ​សមុទ្រ (UNCLOS) នឹង​បើក​កិច្ចប្រជុំ​លើក​ទី​២ ជាមួយ​កម្ពុជា និង​ថៃ នៅ​ទីក្រុង​ឡា​អេ ប្រទេស​ហូ​ឡង់​។ កិច្ចប្រជុំ​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយទៀត នៅ​ក្នុង​ដំណើរការ​ដោយ​សន្តិវិធី ដែល​ផ្តួចផ្តើម​ឡើង​ដោយ​កម្ពុជា ដើម្បី​ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ដែនសមុទ្រ នៃ​ប្រទេស​ទាំង​ពីរ​។ ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​ពិភាក្សា​ប្រកបដោយ​ស្ថាបនា​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​១ នៅ​ប្រទេស​សិង្ហ​បុរី កិច្ចប្រជុំ​លើក​នេះ នឹង​ផ្ដល់​ឱកាស​ដល់​ភាគី​ទាំង​ពីរ​ស្វែងរក​មធ្យោបាយ ដើម្បី​សម្រេច​បាន នូវ​វឌ្ឍនភាព​បន្ថែម​ទៀត និង​រក​ឃើញ​ចំណុច​ដែល ឯកភាព​គ្នា ពាក់ព័ន្ធ​នឹង​ការ​កំណត់ព្រំដែន​សមុទ្រ ។

ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​នាម ជា​ភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អម​ដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ច ការ​ព្រំដែន ជា​ភ្នាក់ងារ​រង នឹង​ដឹកនាំ​គណៈប្រតិភូ​មន្ត្រី​ជំនាញ​ច្បាប់ ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ផ្សះផ្សា នៅ​ទីក្រុង​ឡា​អេ ។

ដូចដែល​បាន​គូសបញ្ជាក់​ដោយ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន នៅ​ក្នុង​សុន្ទរកថា​បើក​របស់​ឯកឧត្តម​នៅ​ចំពោះ​មុខ​គណៈកម្មការ​ផ្សះផ្សា គោលបំណង​ចម្បង​របស់​កម្ពុជា គឺ​សម្រេច​ដំណោះស្រាយ​មួយ ដែល​បម្រើ​ផលប្រយោជន៍​របស់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ ហើយ​រួមចំណែក​ផង​ដែរ​ដល់​សន្តិភាព កិច្ច​សហ​-​ប្រតិបត្តិការ និង​វិបុលភាព​រួម​ក្នុង​តំបន់ ។

តាម​រយៈ​ដំណើរការ​នេះ កម្ពុជា​មាន​ចេតនា​ចុះ​សន្ធិសញ្ញា​ជាមួយ​ថៃ កំណត់ព្រំដែន​សមុទ្រ​តែ​មួយ​ដែល​ខ្លួន គ្របដណ្ដប់​លើ​គ្រប់​គោលបំណង​រវាង​រដ្ឋ​ទាំង​ពីរ ឬ​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​អភិវឌ្ឍ​រួម និង​ការ​ថ្លែង​ចែក​ធនធាន ប្រកបដោយ​សមធម៌ ក្នុងអំឡុងពេល​រង់ចាំ​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​ជា​ស្ថាពរ​ស្តី​ពី​ព្រំដែន​សមុទ្រ​របស់​ប្រទេស​ទាំង​ពីរ​។ ប្រសិនបើ​មិន​អាច​សម្រេច​បាន​នូវ​ជម្រើស​ណាមួយ​ក្នុង​ចំណោម​ជម្រើស​ទាំង​ពីរ កម្ពុជា នឹង​ស្នើ​សុំ​គណៈកម្មការ​ផ្សះផ្សា​រៀបចំ​អនុសាសន៍ ដែល​អាច​ប្រើ​ជា​មូលដ្ឋាន​សម្រាប់​ការ​ចរចា​នា​ពេល​អនាគត ស្រប​តាម​កាតព្វកិច្ច​របស់​ប្រទេស​ទាំង​ពីរ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ ។

កម្ពុជា​សូម​ថ្លែងអំណរគុណ​ជា​ថ្មី​ម្តងទៀត​ចំពោះ​ប្រធាន និង​សមាជិក​ទាំងអស់ នៃ​គណៈកម្មការ​ផ្សះផ្សា ដែល​បាន​បំពេញការងារ​ប្រកបដោយ​ការ​យកចិត្តទុកដាក់ និង​ពិចារណា​យ៉ាង​ហ្មត់ចត់ និង​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ជំនឿ​ទុកចិត្ត និង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ដំណើរការ​ផ្សះផ្សា​នេះ ។

កម្ពុជា​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ច្បាប់​អន្តរជាតិ​ផ្ដល់​មូលដ្ឋាន​គ្រឹះ​សម្រាប់​ដោះស្រាយ​វិវាទ​រវាង​រដ្ឋ​នានា ដោយ​សន្តិវិធី​។ កម្ពុជា​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ឡា​អេ ក្នុង​ស្មារតី​ស្មោះត្រង់ សហការ និង​គោរព​គ្នា​ទៅ វិញ​ទៅ​មក ហើយ​ត្រៀម​ធ្វើការ​ជាមួយ​គណៈកម្មការ​ផ្សះផ្សា និង​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ឈាន​ទៅ​សម្រេច​បាន នូវ​លទ្ធផល​មួយ​ប្រកបដោយ​យុត្តិធម៌ និង​យូរអង្វែង ៕