ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តស្ទឹងត្រែង ​ជំរុញ​ការ​ប្រមូល​សំរាម និង​ពង្រឹង​អនាម័យ​ទីក្រុង​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

3 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្ត​ស្ទឹង​ត្រែង​៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​ជំរុញ​ឱ្យ​មន្ត្រី និង​បុគ្គលិក​បម្រើ​ការងារ​ផ្នែក​អនាម័យ និង​គ្រប់គ្រង​សំណល់​រឹង បន្ត​បង្កើន​​ប្រសិទ្ធភាព​ការងារ​ប្រមូល​សំ​រាម និង​ថែរក្សា​បរិស្ថាន ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​ទីក្រុង ជា​ពិសេស​ក្នុងអំឡុងពេល​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ព្រមទាំង​បន្ត​រក្សា​អនាម័យ​ឱ្យ​បាន​ល្អជា​ប្រចាំ​។

ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​បុគ្គលិក​អនាម័យ និង​បរិស្ថាន នៃ​អង្គភាព​គ្រប់គ្រង​សំណល់​រឹង និង​អង្គភាព​គ្រប់គ្រង​ទីលាន​ចាក់សំរាម​ក្រុង​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៦ ល​៩​ក សរ សុ​ពុ​ត្រា អភិបាល​ខេត្តស្ទឹងត្រែង បាន​លើក​ឡើង​ថា កម្លាំង​ពលកម្ម​ផ្នែក​អនាម័យ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​ការ​អនុវត្ត​ផែនការ​សម្អាត​បរិស្ថាន​សម្រេច​បាន​លទ្ធផល​ល្អ និង​ធ្វើ​ឱ្យ​ទីក្រុង​ស្ទឹង​ត្រែង​កាន់តែ​មាន​ភាព​ស្រស់​ស្អាត មាន​សណ្តាប់ធ្នាប់ និង​បរិស្ថាន​រស់នៅ​ល្អ​ប្រសើរ​។

លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ដល់​បុគ្គលិក​ទាំងអស់​ឱ្យ​បំពេញភារកិច្ច​ដោយ​ការ​ទទួលខុសត្រូវ យកចិត្តទុកដាក់​លើ​សុវត្ថិភាព​ការងារ និង​អនុវត្ត​វិធានការ​ការពារ​សុខភាព​ឱ្យ​បាន​ត្រឹមត្រូវ​។ ជា​ពិសេស បុ​គ្គលិ​ក​ត្រូវ​សម្អាត​ខ្លួនប្រាណ​ឱ្យ​បាន​ស្អាត​ក្រោយ​បញ្ចប់​ការងារ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​។

ជាមួយ​គ្នា​នេះ លោក លី មី​ណា អភិបាលក្រុង​ស្ទឹងត្រែង បានឱ្យ​ដឹង​ថា ក្រុមការងារ​ប្រមូល​សំរាម​បាន​ខិតខំ​បំពេញភារកិច្ច​តាម​ទីតាំង​ដែល​បាន​កំណត់ ដោយ​ការ​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មិន​មានការ​កកស្ទះ​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ទោះបីជា​អង្គភាព​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​រថយន្ត​សម្រាប់​បម្រើ​ការងារ​ក៏​ដោយ​។

លោក​អភិបាលក្រុង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​មិន​ទាន់​អនុវត្ត​ការ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ ឱ្យ​ចូលរួម​ផ្លាស់​ប្តូរ​ទម្លាប់ និង​បោះចោល​សំរាម​តាម​ទីតាំង​ដែល​បាន​កំណត់​។ លោក​បាន​សង្កត់ធ្ងន់​ថា ការ​រក្សា​អនាម័យ​ទីក្រុង​មិនមែន​ជា​កាតព្វកិច្ច​របស់​អ្នក​ប្រមូល​សំរាម​តែ​មួយ​ក្រុម​នោះ​ទេ ប៉ុន្តែ​ជា​ការ​ទទួលខុស​ត្រូវ​រួម​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​។

ដោយឡែក លោក ភឿន ចា​រ៉ា​ន់ ប្រធាន​ក្រុម​ប្រមូល​សំរាម បាន​ទទួលស្គាល់​ថា ការ​បោះចោល​សំរាម​មិន​តាម​ទីតាំង​កំណត់​នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ​។ លោក​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​សារៈសំខាន់​នៃ​ការ​គ្រប់គ្រង​សំណល់ ខណៈ​គ្រួសារ​ខ្លះ​មិន​បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ហើយ​ជ្រើសរើស​យក​សំរាម​ទៅ​បោះចោល​នៅ​កន្លែង​មិន​សម​ស្រប​។

លោក​បាន​បន្ថែម​ថា ការ​ចូលរួម​ពី​សាធារណជន​នៅ​មាន​កម្រិត ដោយ​មនុស្ស​មួយ​ចំនួន​នៅ​តែ​យល់​ថា ការ​សម្អាត​បរិស្ថាន​ជា​ភារកិច្ច​របស់​ក្រុម​ប្រមូល​សំរាម​តែ​ប៉ុណ្ណោះ​។ ដូច្នេះ ការ​បង្កើន​ការ​យល់​ដឹង និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ គឺជា​កត្តាចាំបាច់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សំរាម និង​រក្សា​អនាម័យ​សាធារណៈ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​យូរអង្វែង​។

ក្នុង​ឱកាស​នោះ ក៏​មានការ​ផ្តល់​ជូនអំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ប្រមូល​សំរាម ដែល​មាន​សមាជិក​សរុប​ចំនួន​២៤​នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន​១១​នាក់ ជា​ការ​ទទួលស្គាល់​ចំពោះ​ការ​ខិតខំ​បំពេញភារកិច្ច​ក្នុង​ការ​ថែរក្សា​អនាម័យ និង​បរិស្ថាន​ក្នុង​ក្រុង​ស្ទឹង​ត្រែង​។

ការ​រក្សា​ទីក្រុង​ឱ្យ​ស្អាត និង​មាន​សណ្តាប់ធ្នាប់ ទាមទារ​ឱ្យ​មាន​កិច្ចសហការ​រវាង​អាជ្ញាធរ ក្រុមការងារ​អ​នាម័​យ និង​ប្រជាពលរដ្ឋ ដោយ​ត្រូវ​អនុវត្ត​ការ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​ថែរក្សា​បរិស្ថាន​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​៕