ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ស្ពឺ ប្រកាស​រៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត រយៈពេល ១ថ្ងៃ នៅតាមបណ្តោយដង​ស្ទឹងព្រែកត្នោត

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ រដ្ឋបាល​ខេត្តកំពង់ស្ពឺ បាន​ចេញ​សេចក្តី​ប្រកាស​ជូនដំណឹង​ដល់ ប្រជាពលរដ្ឋ ស្តី​ពី​ការ​ការ​ប្រណាំងទូក​មាន រយៈពេល​១​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ ខាង​មុខ​នេះ យោង​តាម​សេចក្តី​ប្រកាស​ជូនដំណឹង របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៦​។

យោង​តាម​សេចក្តីជូនដំណឹងស្តី​ពី​ការ​រៀបចំ​ពិធី​ប្រណាំងទូក​ថ្នាក់​ខេត្ត ឆ្នាំ​២០២៦ នៅ​ខេត្តកំពង់ស្ពឺ អធិកអធម ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឱ្យ​បាន​មហោឡារិកអធិកអធម ស្រប​តាម​ប្រពៃណី​ជាតិ ជា​ពិសេស​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​មានការ​រីក​ចម្រើន រដ្ឋបាល​ខេត្តកំពង់ស្ពឺ នឹង​រៀបចំ​ឱ្យ​មានការ​ប្រណាំងទូក​នៅ​ខេត្តកំពង់ស្ពឺ តាម​បណ្តោយ​ដងស្ទឹង​ព្រែក​ត្នោត ដើម្បី​បើកឱកាស​ជូន​ប្រជាពលរដ្ឋ បាន​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ​រីករាយ ដោយ​មានការ​សម្តែង​សិល្បៈ ទស្សនីយភាព​ផ្សេង​ៗ​។ ដោយ​កម្មវិធី​នេះ​មាន រយៈពេល ១​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ ខាង​មុខ​នេះ​។ ផ្អែក​តាម​ខ្លឹមសារ​ខាងលើ​នេះ តាម​ខ្លឹមសារ​ខាងលើ​នេះ រដ្ឋបាល​ខេត្តកំពង់ស្ពឺ សូម​ធ្វើការ​ជូនដំណឹង​ដូច​តទៅ​៖

១-​គ្រប់​ក្រុង ស្រុក គ្រប់​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ក៏​ដូច​ជា​វិស័យ​ឯកជន អង្គការ សមាគម ដែល​មាន​បំណង​ក្នុង ការ​ចូលរួម​ប្រណាំងទូក ត្រូវ​មក​ដាក់​ពាក្យ​ចូលរួម​ប្រកួត​នៅ​គណៈកម្មការ​ខេត្តកំពង់ស្ពឺ (​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្តកំពង់ស្ពឺ​) ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ ជា​កំណត់ ដើម្បី​ងាយស្រួល​ដល់​គណៈមេប្រយោគ​ផ្គូផ្គង​រវាង ទូក​នីមួយ​ៗ​។

២-​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ចាត់តាំង​កម្មវិធី​សិល្បៈ សម្តែង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្សាន្ត​សប្បាយ​នៅ​មុខ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត ស្រប​តាម​កម្មវិធី កំណត់​ជាក់ស្តែង​។

៣-​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ ត្រូវ​ចាត់តាំង​បណ្តាញ​វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន​ចុះ​ធ្វើ​សកម្មភាព​ផ្តិត​យក ព័ត៌មាន​នូវ​រាល់​សកម្មភាព​ជាក់ស្តែង ហើយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​។

៤-​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ត្រូវ​ណែនាំ​ដល់​អង្គភាព ក្រោម ឱវាទ ឱ្យ​សហការ​ការពារ​រក្សា​សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់​សង្គម សម្រួល​ចរាចរណ៍ បង្ក​លក្ខណៈ និង ធានា​សុវត្ថិភាព​សប្បាយ​រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។

បញ្ជាក់​៖ សូមឯកឧត្តម លោក​ជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព និង​ក្រុង ស្រុក ត្រូវ រៀបចំ​ទូក​យ៉ាង​ហោច​ណាស់​ចំនួន ១​ក្នុង ១​អង្គភាព​។

រដ្ឋបាល​ខេត្តកំពង់ស្ពឺ មាន​ក្តី​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា គ្រប់​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ នឹង​ចូលរួម​យ៉ាង​សកម្ម ដើម្បី​ធ្វើ​ឱ្យ​កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ ប្រកបដោយ​បរិយាកាស​សប្បាយ​រីករាយ និង​សុវត្ថិ​ភាពល្អ​ប្រសើរ​៕