ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ៖ ទឹកជំនន់លិចលង់ស្រុក-ក្រុងចំនួន៩ ប៉ះពាល់ប្រជាពលរដ្ឋជិត២ម៉ឺនគ្រួសារ និងបង្កការខូចខាតដំណាំ​ជាច្រើនហិកតា

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមា​នជ័យ ៖ យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តបន្ទាយមានជ័យ ​នៅ​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា ទឹកជំនន់​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្រុក និង​ក្រុង​ចំនួន​៩ ក្នុង​ខេត្តបន្ទាយ​មានជ័យ ។

​តំបន់​រង​គ្រោះ​មានចំនួន៤៥​ឃុំ​/​សង្កាត់ ស្មើនឹង​៣២៣​ភូមិ ​។​​ គ្រួសារ​រង​ផល​ប៉ះពាល់​៖ ១៩.១៩៣​គ្រួសារ (​ស្មើនឹង​សមាជិក​សរុប​៨២.៨១៤​នាក់​) ​។ ពលរដ្ឋ​រង​គ្រោះ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​បាន​ជម្លៀស​មក​កាន់​ទីទួល​សុវត្ថិភាព​មាន​ចំនួន​២.២១៩​គ្រួសារ (​ស្មើនឹង ៨.៥៩៤​នាក់ ក្នុង​នោះ​ស្រី ៤.៣៤៣​នាក់ និង​កុមារ ២.២៩៦​នាក់​)​។ ការ​ខូចខាត​ដំណាំ​កសិកម្ម​ ៖ ស្រូវ​​​ប៉ះពាល់​ចំនួន​៣៤.១០១​ហិ​កតា (​ខូចខាត​ចំនួន ១.៦១៤​ហិ​កតា​)​ ។ ដំឡូង​មី​ប៉ះពាល់ ២៤៨​ហិ​កតា និង​ដំណាំ​រួម​ផ្សំ​៤៨​ហិ​កតា​ ។ សត្វពាហនៈ​រង​ផល​ប៉ះពាល់​ចំនួន ៥៤៣​ក្បាល​។ សាលារៀន​ចំនួន​៦៥​ខ្នង​ ។ វត្ត​អារាម​ចំនួន ២២​កន្លែង ​។ មណ្ឌល​សុខភាព​ចំនួន ៨​កន្លែង​។ ផ្លូវ​លិច និង​ច្រោះ​ដាច់​ចំនួន ៧០៤​ខ្សែ (​ប្រវែង​សរុប ៤៤៨.០១៥​ម៉ែត្រ​)​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ដដែល​នោះ មានស្រុក​/​ក្រុង​ចំនួន​៣ ដែល​កម្ពស់​ទឹកបាន​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន រួម​មាន​៖ អាង​ត្រពាំង​ថ្ម (​ស្រុក​ភ្នំស្រុក​)៖ កម្ពស់​ទឹក​៣.៧៣​ម៉ែត្រ​ ។ ស្ទឹង​ស្ពាន​ស្រែង (​ស្រុក​ភ្នំស្រុក​)៖ កម្ពស់​ទឹក ៧.០៦​ម៉ែត្រ​។ ស្ទឹង​សិរី​សោភ័ណ​៖ កម្ពស់​ទឹក ៧.៨៥​ម៉ែត្រ​ ។