ខេត្តកំពង់ស្ពឺ ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការណែនាំពីលោកឧត្តមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ឯក ហេង សំរេច នាយការិយាល័យ បានសហការស្រាវជ្រាវរកឃើញកន្លែងកែច្នៃឈើ (ទីតាំងសន្និធិឈើគ្មានច្បាប់អនុញ្ញាត) មួយកន្លែង នៅចំណុចដីឡូតិ៍ឈ្មោះ ហឹម គន្ធី ភេទប្រុស អាយុ ៤៩ឆ្នាំ និងមានប្រពន្ធឈ្មោះ ហ៊ុន ឈូករ័ត្ន អាយុ ៤០ឆ្នាំ (គេចខ្លួនពេលសមត្ថកិច្ចចូលដល់គោលដៅ) ស្ថិតក្នុងភូមិរស្មីសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ក្រោយការស្រាវជ្រាវរកឃើញ កម្លាំងបានសហការជាមួយរដ្ឋបាលព្រៃឈើ ចុះធ្វើប្រតិបត្តិការបង្ក្រាប។ ជាក់ស្តែង កម្លាំងនគរបាលបានរកឃើញកំណាត់ដុំឈើ ប្រភេទឈើសុក្រំ ចំនួន ៤៥ដុំ ស្មើនឹង ២,៩៦៨ ម៉ែត្រគូប និងមានកម្ទេចអាចម៍រណាដែលកាត់អារដោយម៉ាស៊ីន ។
បច្ចុប្បន្ន វត្ថុតាង និងទីតាំងកែច្នៃសន្និធិឈើខុសច្បាប់ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញមន្ត្រីរដ្ឋបាលព្រៃឈើ តាសាល ដើម្បីបន្តនីតិវិធី ៕






ចែករំលែកព័តមាននេះ