ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធ្លាប់មាន! ត្រីរាជយក្សជាង១០០គីឡូក្រាម២ក្បាល ត្រូវប្រជា​នេសាទនៅបន្ទាយមានជ័យប្រទះឃើញ និង​ជួយអភិ​រក្ស

18 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មានជ័យ​ ៖ លោក ឡុ​ញ វុ​ទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបន្ទាយមានជ័យបាន​ឲ្យ​ដឹង​ថា នៅ​ខេត្តបន្ទាយ​មាន​ជ័យ ប្រជា​នេសាទ​បាន​​​ប្រទះ​ឃើញ និង​បង់សំណាញ់​បាន​ត្រី​រាជ (​ឬ​ស្តេច​ត្រី​) ចំនួន​២​ក្បាល ហើយ​ក្នុង​នោះ​ ១​ក្បាល​ៗ​មាន​ទម្ងន់​ជាង​១០០​គីឡូក្រាម​ ។ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នឹង​មានការ​លើកទឹក​ចិត្ត និង​ត្រៀម​បំពាក់​ប័ណ្ណសរសើរ​ជូន​ដល់​ប្រជា​នេសាទ​ទាំងនោះ​ផង​ដែរ ​។

លោក ឡុ​ញ វុ​ទ្ធី បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ដំណាក់កាល​នីមួយ​ៗ​ដូច​ខាងក្រោម​៖

លើក​ទី​១​៖ កាលពី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៦ ស្ថិតនៅ​ចំណុច​ប្រឡាយ​ដែល​មាន​ជម្រៅ​ជាង​៣​ម៉ែត្រ ស្ថិត​ក្នុងភូមិ​បឹង​ជ​ម្រុ​ក ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ប្រជា​នេសាទ​បាន​ព្រួត​គ្នា​បង់សំណាញ់​ជាង​១០ និង​អូស​អួន រហូត​ចាប់​បាន​ត្រី​រាជ​១​ក្បាល ដែល​ត្រូវ​ប្រើ​មនុស្ស​ជិត​១០​នាក់ ​សែង​ឡើងគោក​។ ត្រី​នេះ​ មាន​ទម្ងន់​ជាង​១០០​គីឡូក្រាម ហើយ​ត្រូវ​បាន​អាជ្ញាធរ​យក​ទៅ​អភិរក្ស​ទុក​ក្នុងស្រុក​ម៉ា​ឡៃ​ ។

លើក​ទី​២៖ នៅ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៦ នៅ​ចំណុច​ប្រឡាយ​ខាងកើត​អាង​អូរ​ខៃ​ដ​ន ស្ថិត​ក្នុងភូមិ​អូរ​ខៃ​ដ​ន សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ប្រជា​នេសាទ​ចំនួន​៤ ទៅ​៥​នាក់ បាន​បង់សំណាញ់​ចាប់​បាន​ត្រី​រាជ១​ក្បាល​ទៀតពី​ក្នុង​ប្រឡាយ​ដែល​មាន​ជម្រៅ​ជាង២​ម៉ែត្រ​ ។ បន្ទាប់​មក ពួក​គាត់​បាន​យក​ត្រី​នោះ​ទៅ​ដាក់​ចិញ្ចឹម​ទុក​ក្នុង​ស្រះ​នៅ​ភូមិ​សូ​រិ​យ៉ា សង្កាត់​​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ​។

លោក​នាយ​ខណ្ឌ​បាន​បញ្ជាក់​បន្ថែម​ថា ត្រី​រាជ​ទាំង​ពីរ​នាក់​/​ក្រុម​នេះ ត្រូវ​បាន​ចាប់​បាន​នៅ​កន្លែង​ផ្សេង​គ្នា ស្ថិត​នៅ​ចម្ងាយ​​​ជាង​២៣​គីឡូម៉ែត្រ​ពី​ព្រំដែន (១​ក្បាល​នៅ​ស្រុក​ម៉ា​ឡៃ និង​១​ក្បាល​ទៀត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​)​។

ចំពោះ​ព្រឹត្តិការណ៍​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ថ្លែង​ការ​កោតសរសើរ និង​ត្រៀម​ជូន​ប័ណ្ណ​សរសើរ​ដល់​អ្នក​ដែល​បាន​ជួយ​អភិរក្ស​ ។ ដោយឡែក សម្រាប់​ត្រី​រាជ​ដែល​ចាប់​បាន​ទី​ពីរ គឺ​រៀបចំ​ផែនការ​ធ្វើ​ពិធី​លែង​ចូល​ក្នុង​ធម្មជាតិ​វិញ ក្រោយ​ពេល​ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ៕