ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ជន់​លិច​ផ្ទះ​អស់ហើយ​ ត្រូវ​លោក​ចោរលួច​យក​ម៉ូតូ​ទៀត ​ប្ដឹង​ទៅ​សមត្ថកិច្ច​៣​ថ្ងៃ​ហើយ​ស្ងាត់ជ្រៀប    

3 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ រយៈ​ពេល​០៣​ថ្ងៃ​​ហើយ ដែល​លោក​ចោរ​ចិត្តខ្មៅ​បាន​ឆក់​ឱ​កាស«​លួច​​យក​ម៉ូតូ​» ​របស់​ប្រជា​ពលរ​ដ្ឋ​មួយ​គ្រឿង នៅ​ភូមិ​វាល​ទ្រា  ឃុំ​អូរ​តា​គី  ស្រុក​ថ្មគោល  ក្នុងអំឡុងពេល​ជន​រង​គ្រោះ​កំពុង​ជាប់ដៃ​ជញ្ជូន​ទ្រព្យសម្បតិ្ត និង​ស​ម្ភា​​រៈ​​ចេញពីផ្ទះ​យក​ទៅ​ទុក​នៅ​ទី​ទួល​មាន​សុវត្ថិភាព  ប៉ុន្តែ​មក​ទល់​នឹង​ថ្ងៃ​ទី​០៨ តុលា នេះ​ សមត្ថកិច្ច​ហាក់​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ជន​ដៃដល់​នៅឡើយ​ទេ សូ​ម្បី​ប៉ុន​ក្រចក ​។

​អ្នកស្រី ធឿ​ង លាង អាយុ​៤៨​ឆ្នាំ  ដែល​ជា​ម្ចាស់​ម៉ូតូ បាន​និយាយ​ កាលពី​ថ្ងៃ​ទី​០៧ តុលា​ថា  ម៉ូតូ​កញ្ចាស់​របស់​គាត់​មួយ​គ្រឿង​ម៉ាក​វ៉េវ ត្រូវ​បាន​លោក​ចោរ​ចិត្តខ្មៅ​លួច​យក​ទៅ​បាត់​កាលពី​វេលា​ម៉ោង​​ប្រហែល​​​៥​ល្ងាច​​ថ្ងៃ​ទី​០៥ តុលា ខណៈ​ពេល​អ្នកស្រី និង​កូនចៅ​កំពុង​មមារ​ញឹក​ជញ្ជូន​អីវ៉ាន់ និង​សម្ភារនានា​ចេញពីផ្ទះ​ដែល​លិចលង់​ដោយ​ទឹកជំនន់យក​ទៅ​គរ​ទុក​នៅ​មាត់​ថ្នល់ជាតិ​លេខ​៥​ ។

​អ្នកស្រី​ប្រាប់​ថា   ទឹកជំនន់​ស្ទើរ​ត្រឹម​​.​ក លិចលង់​ផ្ទះសម្បែង​របស់​គាត់​អស់​គ្មាន​សល់​ ។  គ្រែ ចានឆ្នាំង និងសម្ភារ​នានា បាន​ជញ្ជូន​យក​ទៅ​គរ​ទុក​នៅ​មាត់​ថ្នល់ជាតិ ជាមួយនឹង​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង​ផង ប៉ុន្តែ​​ពេល​គាត់​និង​កូន​ៗ​កំពុង​នាំ​គ្នា​ដើរ​ឆ្លង​ទឹក​ទៅ​ជញ្ជូន​អីវ៉ាន់ លុះ​ត្រឡប់​មក​ដល់​ថ្នល់​​វិញ ក៏​បាត់​ម៉ូតូ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ​។​​កូនប្រុស​អ្នកស្រី​ ធឿ​ង លាង  ឈ្មោះ វ៉ា​ន សំ​បាន អាយុ​១៩​​ឆ្នាំ បាន​និយាយ​ដែរ​ថា ម៉ូតូ​នោះ​ ត្រូវ​ចោរលួច​នៅ​ពេល​ខ្លួន​ទុក​នៅ​មាត់​ថ្នល់  ហើយ​ដើរ​ឆ្លង​ទឹក​ទៅ​យក​បាយ លុះ​ដើរ​ត្រឡប់​មក​វិញ ​ក៏​ត្រូវ​ចោរលួច​ម៉ូតូ​បាត់ ​។

​សំបានបាន​បញ្ជាក់​ថា  ទឹកជំនន់​កំពុង​លិចលង់​ខ្លាំង  ហើយ​កូន​របស់​ខ្លួន​ស្រាប់តែ​គ្រុនឈាម​សម្រាក​នៅ​ពេទ្យ​ ។  គ្រាហ៍​នោះ​ ខ្លួន​បាន​ជិះ​ម៉ូតូ​ពី​ពេទ្យ ដើម្បី​មក​យក​បាយ​នៅផ្ទះ   ខណៈ​បងប្អូន​ និង​ម្ដាយ​ខ្លួន​កំពុង​ឆ្លង​ទឹក​ទៅ​មក​ជញ្ជូន​អីវ៉ាន់​ចេញពីផ្ទះ យក​ទៅ​ទុក​នៅ​មាត់​ថ្នល់​ដែល​គោក  រីឯ​ម៉ូតូ​ខ្លួន​ក៏​ទុក​មាត់​ថ្នល់​ដែរ ព្រោះ​គ្មាន​កន្លែង​ណា​ទុក​ទេ​ ។  ប៉ុន្តែ​នៅ​ពេលខ្លួន​ចុះ​ដើរ​ឆ្លង​ទឹក​ទៅ​យក​បាយ ត្រឡប់​មក​វិញ ក៏​​ត្រូវ​ចោរលួច​យក​ម៉ូតូ​ទៅ​បាត់​។  ក្រោយ​​បាត់​ម៉ូតូ  ខ្លួន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុ​ស្ដិ៍​នគរ​បាល​អូរ​តា​គី​ភ្លាម​ៗ​ដែរ  ប៉ុន្តែ​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​០៨ តុលា នេះ សមត្ថកិច្ច​មិន​ទាន់​មាន​ដំណឹង​ពី​ចោរ​ និង​ម៉ូតូ​នៅឡើយ​ទេ​ ។

​នាយ​ប៉ុ​ស្ដិ៍​នគរបាល​ស្ដីទីរដ្ឋបាល​អូរ​តា​គី លោក សឿង គឹ​ម​សួ បាន​ប្រាប់​ថា  ករណី​ចោរលួច​​ម៉ូតូ​ខាងលើ​នេះ សមត្ថកិច្ច​របស់​លោក​​មិន​ទាន់​មាន​តម្រុយ​នៅឡើយ​ទេ​ ។ ប៉ុន្តែ​មុខសញ្ញា​ជនសង្ស័យ​រូប​នេះ បាន​បន្សល់​ទុក​តែ​រូបភាព​នៅ​ក្នុង​កា​មេ​រ៉ា​សុវត្ថិភាព ដែល​គេ​បំពាក់​តាម​ដងផ្លូវ​ ។

​លោកនាយ​ប៉ុ​ស្ដិ៍​ស្ដីទី​រូប​នេះ​បាន​បញ្ជាក់​ថា មុខសញ្ញា​ជនសង្ស័យ​បាន​លួច​យក​ម៉ូតូ​នោះ ជិះ​ទៅ​ទិស​ខាងត្បូង​ ។ នេះ​បើ​យោង​លើ​រូបភាព​ក្នុង​កា​មេ​រ៉ា​​សុវត្ថិភាព ​។  ហើយ​រូបភាព ដែល​បង្ហាញមុខ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​នោះ លោក​បាន​ប្រគល់​ឲ្យ​ជំនាញ​ហើយ  ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត ​ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ លោក​មិន​ទាន់​ដឹង​ទេ​ ៕