ប្រើល្បិ.ចជួលរថយន្តជិះ រួចចម្លងសោទុកលួ.ច ផ្តាច់ទាំង GPS និងប្តូរស្លាកលេខទៀត ទីបំផុតអស់លក្ខណ៍
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់បានប្រើល្បិចជួលរថយន្តពីស្ត្រីម្នាក់ទៀតយកទៅជិះ ហើយក្រោយពេលចម្លងសោទុករួចរាល់ ទើបយករថយន្តនោះទៅប្រគល់ឲ្យម្ចាស់វិញ លុះរយៈពេល១ខែក្រោយមក ជននេះបាននាំបក្ខពួកម្នាក់ទៀតទៅលួចយករថយន្តនោះទៅបាត់ ។ បន្ទាប់មកបានដោះប្រព័ន្ធតាមដានសុវត្ថិភាពបោះចោលរួចគេចខ្លួនបាត់ ហើយបានដោះប្ដូរស្លាកលេខ និងប្ដូរកង់រថយន្តចេញដើម្បីផ្លាស់ប្ដូរភិនភាគដើមរថយន្តថែមទៀតផង ប៉ុន្តែគេចខ្លួនបានតែ៤ថ្ងៃប៉ុណ្ណោះ ក៏ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ។
ការឃាត់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្ទះលេខ៥៥ ផ្លូវ១៣ បុរីពិភពថ្មី ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួនឈ្មោះ ឱ បញ្ញា អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៥៥ ផ្លូវ១៣ បុរីពិភពថ្មីខាងលើ និងបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួនឈ្មោះវែង អាយុ២៧ឆ្នាំ ។
ខណៈនោះនគរបាលបានដកហូតវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន៖រថយន្តម៉ាកToyota Highlander ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2S-2757 ម៉ូតូ០១គ្រឿង,ស្លាកលេខរថយន្តចំនួន០២សន្លឹក,ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី)ចំនួន០៣សន្លឹក ។ទូរស័ព្ទដៃ០១គ្រឿង ,វិទ្យុទាក់ទងចំនួន ០២គ្រឿង, មួកសុវត្ថិភាពពណ៌ស០១,ស្បែកជើងចំនួន០៤គូ, ខោអាវ០២កំប្លេ,លិខិតឆ្លងដែនឈ្មោះ ស៊ឹម នេង ០១ក្បាល, កាបូបយួរដៃពណ៌ខ្មៅ០១ ។
ដោយឡែកម្ចាស់រថយន្តឈ្មោះ ស៊ឹម នេង ភេទស្រី អាយុ៣២ឆ្នាំ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ១៧១ ផ្លូវ១១ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលបានប្រាប់ថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៩យប់ ស្ត្រីឈ្មោះ ស៊ឹម នេង បានចតរថយន្តនៅខាងមុខផ្ទះរបស់ខ្លួនដោយបានចាក់សោទ្វារត្រឹមត្រូវ រួចក៏ចូលសម្រាក និងបានដេកលង់លក់ ។ រហូតដល់វេលាម៉ោង ០២និង២៣នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ទើបភ្ញាក់ហើយបានបានឮសម្លេងបញ្ឆេះរថយន្ត គាត់ក៏រត់ចេញទៅមើល ស្រាប់តែឃើញជនសង្ស័យខាងលើកំពុងលួចបើករថយន្តរបស់គាត់ចេញទៅបាត់ ។
នគរបាលបានប្រាប់បន្តថា ភ្លាមៗនោះ គាត់ក៏បានទូរស័ព្ទរាយការណ៍សុំការអន្តរាគមន៍ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស និងបានឆែកមើលប្រព័ន្ធតាមដានសុវត្ថិភាព GPS ក៏ឃើញសញ្ញាជនសង្ស័យកាត់ផ្ដាច់ឈប់ដំណើរការនៅត្រង់ចំណុចភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ បន្ទាប់មកគាត់បានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ ។ ក្រោយទទួលបានពាក្យបណ្ដឹងខាងលើ និងទទួលបានទីតាំងចុងក្រោយនៃប្រព័ន្ធGPS កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌ ក៏បានបើកការស្រាវជ្រាវភ្លាមៗ ។
នគរបាលបានប្រាប់បន្ថែមថា ជាលទ្ធផលនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥រសៀលក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឱ បញ្ញា នៅត្រង់ចំណុចផ្ទះជួលលេខ៥៥ ផ្លូវ១៣ បុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ព្រមទាំងដកហូតវត្ថុតាងខាងលើ ។ បន្ទាប់មកបាននាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់ ហើយជនសង្ស័យឈ្មោះ ឱ បញ្ញា នេះបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចរថយន្តខាងលើប្រាកដមែន ។
ជនសង្ស័យបានសារភាពបន្តថា ខ្លួនបានរៀបចំផែនការទុកជាមុន ដោយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ខ្លួនបានឃើញជនរងគ្រោះបង្ហោះជួលរថយន្តក្នុងគ្រុប Telegram ក៏បានទាក់ទងជួលរយៈពេល០៣ថ្ងៃ ដោយក្នុង១ថ្ងៃតម្លៃ៥០ដុល្លារ ក្នុងគោលបំណងយកសោរថយន្តទៅចម្លងទុកដើម្បីលួច និងរកកន្លែងដែលជនរងគ្រោះបំពាក់ប្រព័ន្ធតាមដានសុវត្ថិភាពGPS នៅក្នុងរថយន្តខាងលើ ។ លុះដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ទើបយករថយន្តទៅប្រគល់ឱ្យជនរងគ្រោះវិញ រហូតដល់ថ្ងៃកើតហេតុ ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ វែង បានជិះម៉ូតូម៉ាក Suzuki Address ១គ្រឿងឌុបគ្នាមកធ្វើសកម្មភាពលួចយករថយន្តនោះ ។
ជនសង្ស័យដដែលបានសារភាពបន្តថា ខ្លួនបានយកសោរថយន្តដែលបានចម្លងទុកនោះ ទៅចាក់បញ្ឆេះលួចយករថយន្តខាងលើ ហើយក្រោយពេលលួចបានសម្រេច ក៏បើកទៅដោះប្រព័ន្ធតាមដានប្រព័ន្ធសុវត្ថិភាពGPS បោះចោលនៅម្ដុំភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ បន្ទាប់មកបានយកទៅផ្លុងចោលនៅលើផ្លូវលំខាងកើតវត្តកែវមុនី ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រួចបានដោះស្លាកលេខដើមចេញ ។ ក្រោយមកប្ដូរដាក់ស្លាកលេខក្លែងក្លាយភ្នំពេញ2BJ-5909ជំនួសវិញ ព្រមទាំងរើសម្ភារៈនៅក្នុងរថយន្តនោះបោះចោលទៅក្នុងព្រៃក្បែរនោះ ហើយយករថយន្តទៅលាក់ទុកនៅផ្ទះជួលរបស់ខ្លួន ។
នគរបាលបានបញ្ជាក់ថា ក្រោយពេលធ្វើការសាកសួររួចនគរបាលបាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងដែលបោះចោលសម្ភារៈ ហើយបានរកឃើញស្បែកជើងចំនួន០៤គូ ,ខោអាវ០២កំប្លេ,លិខិតឆ្លងដែនឈ្មោះ ស៊ឹម នេង ០១ក្បាល ,កាបូបយួរដៃពណ៌ខ្មៅ០១ រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ