ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​២៧​ម៉ោង​ហើយ ​ក្រុម​អ្នករុករក​សាកសព​លោក​មេ​ភូមិ​នៅ​ក្នុង​ទឹក ​នៅ​តែ​គ្មាន​តម្រុយ

3 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖   គិត​ត្រឹម​​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៨ តុលា នេះ  គឺ​មាន​រយៈ​ពេល​២៧​ម៉ោង​ហើយ  ដែល​ក្រុម​អ្នក​ស្វែងរក​សាកសព​លោក​មេ​ភូមិ​ត្រាង ដែល​លិច​ទូក​ស្មាច់​នៅ​កណ្ដាល​ទឹកអូរ​កំពុង​ជន់​ខ្លាំង នៅ​តែ​មិន​ទាន់​មាន​តម្រុយ​នៅឡើយ បើ​ទៅ​ជា​លោក​មេឃ​អូរ​តា​គី បានប្រឹង​​ប្រែង​ដឹកនាំ​កម្លាំង​មូល​ដ្ឋានចុះ​រុករក​តាម​ដងអូរ​គ្រប់​​ទិស​ទី​នៅ​តំបន់​កើតហេតុ​ជា​ប្រចាំ​ក្ដី​ ។

លោក សឿង គឹ​ម​សួ នាយ​ប៉ុ​ស្ដ៍​នគរបាល​ស្ដីទី ឃុំ​អូរ​តា​គីបាន​ប្រាប់​ថា  រហូត​មក​ទល់​នឹង​ម៉ោង​នេះ​ទៅ​ហើយ  សាកសព​លោក ញ៉ូ​ង រឿ​ន មេ​ភូមិ​ត្រាង ដែល​លិច​បាត់​ទៅ​ក្នុង​ទឹកអូរ​ដោយសារ​ក្រឡាប់​ទូក​ស្មាច់​នោះ  នៅ​តែ​រក​មិន​ទាន់​ឃើញ​ទេ ​។  លោក​ថា ពេល​នេះ​អ្នក​ភូមិ​ជា​ច្រើន​នាក់ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​មេឃុំ​អូរ​តា​គី​ បាន​និង​កំពុង​ចុះ​ស្វែងរក​គ្រប់​ទីកន្លែង​នៅឡើយ​នៅ​តាម​ដងអូរ​ ។

លោក ញ៉ូ​ង រឿ​ន អាយុ​៧៥​ឆ្នាំ មាន​តួនាទី​មេ​ភូមិ​ត្រាង ឃុំ​អូរ​តា​គី ​។ គាត់​បាន​ជួប​ឧប្បត្តិ​ក្រឡាប់​ទូក​ស្មាច់ ហើយ​បាត់​ខ្លួន​ទៅ​ក្នុង​ទឹកអូរ​នៅ​ក្បែរ​វត្ត​ត្រាស់ នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០៧ តុលា  ពេល​ដែល​គាត់​ជាមួយ​សហការី​របស់​គាត់​ចំនួន​០៤​នាក់​ទៀត ​ជិះទូក​ស្មាច់​ជាមួយ​គ្នា​ទៅ​ជួប​ក្រុមការងារ​ថ្នាក់​ជាតិ​នៅ​ក្នុង​វត្ត​ត្រាស់  ដើម្បី​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ និង​សួរសុខ​ទុក្ខ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ ​។ 

នៅ​ពេល​ជួប​គ្រោះថ្នាក់ ក្រឡាប់​ទូក​លិចទៅ​ក្នុង​ទឹក​​ដែល​កំពុង​ហូរកួច​​ខ្លាំង ក្រុម​អ្នក​ភូមិ​បាន​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​ភ្លាម​ៗ ប៉ុន្តែ​គ្រាហ៍​​នោះ​​ គេ​ជួយ​បាន​មនុស្ស​០៤​នាក់​​ដែល​ពួក​គាត់​ស្រ​វ៉ា​តោង​ទូក​ជាប់  តែ​បាត់​ខ្លួន​លោក​មេ​ភូមិ​ដែល​ត្រូវ​ក​ម្លាំង​​ទឹក​ហូរ​កួ​ច​ពន្លិច​បាត់​ភ្លាម​តែ​ម្ដង ធ្វើ​ឲ្យ​អ្នក​ជួយ​សង្គ្រោះ​តាម​រុករក​មិនឃើញ​ ។ 

រហូត​មក​ដល់​ពេល​នេះ ក្រុម​អ្នក​ស្វែងរក​សាកសព​លោក​មេ​ភូមិ ដែល​ដឹកនាំ​ដោយ​លោក​មេឃុំ​អូរ​តា​គី បាន​និង​កំពុង​ប្រឹងប្រែង​ស្វែង​រុករក​ស្ទើរ​គ្រប់កន្លែង​នៅ​តាម​ដងអូរ តែ​ពុំ​ទាន់​មាន​តម្រុយ​នៅឡើយ​ទេ​ ៕