លើកគ្នាចាប់ត្រីរាជបានមួយក្បាលធំណាស់មិនធ្លាប់មាន
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ត្រីរាជមួយក្បាល មានប្រវែងជាង២ម៉ែត្រ និងទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានប្រជានេសាទលើកគ្នាចាប់បាន ដោយបង់សំណាញ់នៅប្រឡាយធំមួយពេលមានទឹកជំនន់ខ្លាំង កាលពីវេលាប្រមាណម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ។

ប្រជានេសាទបានប្រាប់ថា ត្រីរាជយក្សដែលប្រជានេសាទបង់សំណាញ់បាននេះ មិនដែលធ្លាប់ឃើញមាន និងចាប់បានឡើយ គឺទើបតែចាប់បានលើកទី១ហើយ និងជាត្រីយក្សដ៏ធំអស្ចារ្យមិនធ្លាប់មាន ។
ប្រជានេសាទបញ្ជាក់ថា ត្រីរាជមួយក្បាលនេះ ត្រូវបានប្រជានេសាទបង់សំណាញ់ប៉ះនៅម៉ោង១០ព្រឹកម្តងហើយ និងនឹកស្មានថា អាចជាក្រពើក៏បានរាយការណ៍ជូនអាជ្ញាធរត្រៀមកម្លាំងចាប់ ។ ប៉ុន្តែនៅពេលបង់សំណាញ់ជាប់ហើយ នាំគ្នាបង់សំណាញ់ត្រួតពីលើគ្នាបន្ថែមទៀត ព្រោះវាធំពេក ទើបនាំគ្នាចាប់ក៏ដឹងថាត្រីរាជយក្សមិនមែនក្រពើទេ ក៏នាំគ្នាសែងពីក្នុងទឹកជិត១០នាក់ឡើងគោកស្ទើរមិនចង់រួច ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា មិនដែលធ្លាប់ឃើញ ហើយក៏មិនដែលធ្លាប់មាននៅក្នុងទឹកប្រឡាយជម្រៅប្រមាណជាង២ម៉ែត្រដែរទេនិងទើបតែឃើញម្តង ។ ត្រីរាជ១ក្បាលនេះ អាចយកទៅដាក់ក្នុងស្រះឬអាងនៅតំបន់បឹងជង្រុកដើម្បីអភិរក្ស ព្រោះជាត្រីកម្រនិងមិនធ្លាប់ឃើញត្រីមហាធំបែបនេះឡើយ ។
ត្រីរាជ (Mekong Giant Catfish) គឺជាប្រភេទត្រីទឹកសាបដ៏ធំជាងគេបំផុតមួយនៅលើពិភពលោក ដែលមានវត្តមាន និងត្រូវបានអភិរក្សយ៉ាងតឹងរ៉ឹងនៅក្នុងប្រទេសកម្ពុជា ។

លក្ខណៈទូទៅនៃត្រីរាជគឺ ទំហំនិងទម្ងន់ត្រីរាជពេញវ័យអាចមានប្រវែងរហូតដល់៣ម៉ែត្រ និងមានទម្ងន់រហូតដល់៣០០គីឡូក្រាម ។ អាយុកាល និងការលូតលាស់ វាអាចរស់បានរហូតដល់អាយុ៦០ឆ្នាំ ហើយជាប្រភេទត្រីធំធាត់លឿន (ក្នុង១ឆ្នាំអាចឡើងទម្ងន់ជាង១០ គីឡូក្រាម) ។
ត្រីរាជស៊ីរុក្ខជាតិ ស្លែ ប្លង់តុង និងសារាយនៅបាតទន្លេជាអាហារចម្បង (ចំណែកកូនត្រីស៊ីសត្វល្អិតក្នុងទឹក) ។ការបន្តពូជ ត្រីរាជអាចបន្តពូជបាននៅពេលមានអាយុពី ៦ទៅ៨ឆ្នាំ ហើយពងកូនក្នុងអំឡុងខែមិថុនាដល់ខែកក្កដា ។

ទីជម្រករបស់ត្រីរាជ វារស់នៅតាមបឹងទន្លេសាប និងដងទន្លេមេគង្គ ជាពិសេសអន្លង់ជ្រៅៗក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងតាមគន្លងដាយត្រីនៅទន្លេសាប ។ ត្រីរាជត្រូវបានដាក់បញ្ចូលក្នុងបញ្ជីក្រហមជាប្រភេទត្រីជិតផុតពូជខ្លាំង ដោយរាជរដ្ឋាភិ បាលកម្ពុជា និងមន្ត្រីជលផលតែងតែស្នើឱ្យប្រជាពលរដ្ឋដែលចាប់វាបានជួយប្រគល់ឲ្យមន្ត្រីជំនាញធ្វើការបំពាក់ផ្លាក និងលែងចូលទៅក្នុងធម្មជាតិវិញ ៕



ចែករំលែកព័តមាននេះ