ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លាប់​ស្ត្រី​ម្នាក់​រួច​ចាក់​បេតុង​កប់​នៅ​ស្រុក​ចំការលើ ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជន​ដៃដល់​បាន​នៅ​ខេត្តបាត់ដំបង

1 ថ្ងៃ មុន

ខេត្តបាត់ដំបង ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ស្រាវជ្រាវ​បង្ក្រាប​ករណី​ឃាតកម្ម​សម្លាប់​ស្ដ្រី​ម្នាក់ រួច​ចាក់​បេតុង​កប់​ដី​នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​, ជន​ដៃដល់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្តបាត់ដំបង ។

នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ សមត្ថកិច្ច​ទទួល​ព័ត៌មាន​ពី​ឈ្មោះ នួន ស៊ី​ណាត ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ដោយ​បាត់​ប្អូនស្រី​ម្នាក់​ឈ្មោះ នួន ស៊ី​ណែ​ត អាយុ​៤៣​ឆ្នាំ ដែល​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក Honda Dream C125 ព​ណ៍​ខ្មៅ ទៅ​ជាមួយ​ឈ្មោះ ថៃ ម៉េ​ង​លី ហៅ​បូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

លុះ​នៅ​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៧ និង​០០​នាទី សមត្ថកិច្ច និង​សាច់ញាតិ​របស់​ឈ្មោះ នួន ណែ​ត បាន​ស្វែងរក​ឃើញ​សាកសព​ឈ្មោះ នួន ស៊ី​ណែ​ត កប់​ក្នុង​ដីចំការ​ដំឡូង ក្រោយ​ផ្ទះ​របស់​ឈ្មោះ ថន គឹ​ម​លាង ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ត្រូវជា​ម្តាយ​របស់​ឈ្មោះ ថៃ ម៉េ​ង​លី ហៅ​បូ ស្ថិត​ក្នុងភូមិ​បុស​ថ្លាន់ ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ ដោយ​សាកសព​មាន​ស្នាម​របួស​ផុង​លលា​ក​ក្បាល​ចំនួន​០២​កន្លែង និង​បាត់បង់​សម្ភារ​រួម​មាន ៖ ខ្សែដៃ​០១​ខ្សែ (​ផ្លា​ក​ទី​ន​) ទម្ងន់​៥​ជី ខ្សែ​ក​០១​ខ្សែ ទម្ងន់​៣​ជី (​ផ្លា​ក​ទី​ន​) និង​ប្រាក់​ប្រហែល ១​លាន​រៀល ។

ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​កើតឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន​, លោក​វរសេនីយ៍ឯក ហែម បូ​ណា និង​លោក​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ រហូត​កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ​ខាងលើ ។

លុះ​នៅ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៦ វេលា​ម៉ោង​១១​និង​៣០​នាទី កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ ថៃ ម៉េ​ង​លី ភេទ​ប្រុស ត្រង់​ចំណុច ភូមិ​ស្រែ​ជី​ពៅ ឃុំ​មាន​ជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង ។

ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ទៅ​ដឹក​ជន​រង​គ្រោះ​មក​កោសខ្យល់​អោយ ហើយ​ក៏​បាន​សុំ​ជន​រង​គ្រោះ​រួម​ភេទ តែ​ជន​រង​គ្រោះ​បដិសេធ ហើយ​រត់ បន្ទាប់​មក​ខ្លួន ក៏​បាន​យក​ដំបង​ដេញ​តាម​វាយ​ពីក្រោយ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់ និង​បាន​យក​ដុំ​ថ្ម​វាយ​ពីលើ​ក្បាល​បន្ថែម​ទៀត ហើយ​ក៏​បាន​លួច​យក​ប្រាក់ និង​គ្រឿងអលង្កា​របស់​ជន​រង​គ្រោះ រួច​ក៏​យក​សាកសព​ទៅ​កប់​នៅ​ខាងក្រោយ​ផ្ទះ និង​ចាក់​ស៊ីម៉ងត៍​ពីលើ​បន្ថែម ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​បញ្ជូន​ខ្លួន​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​បន្ត​នីតិវិធី ៕