សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស តម្រងនោមអាចរងការខូចខាតបន្តិចម្តងៗ ដោយមិនបង្ហាញរោគសញ្ញាច្បាស់នៅដំណាក់កាលដំបូង។ ប្រភពបានលើកឡើងថា ទម្លាប់ប្រចាំថ្ងៃមួយចំនួន ដូចជា មិនគ្រប់គ្រងសម្ពាធឈាម ឬជាតិស្ករក្នុងឈាម ទប់នោម ខ្វះទឹក ប្រើថ្នាំអង់ទីប៊ីយោទិចដោយខ្លួនឯង និងញ៉ាំប្រៃ ឬផ្អែមច្រើន អាចពាក់ព័ន្ធនឹងការខូចតម្រងនោមរយៈពេលវែង។
ទម្លាប់ទី១ គឺមិនគ្រប់គ្រងសម្ពាធឈាម និងជាតិស្ករក្នុងឈាម។ កម្រិតខ្ពស់ជាប់ៗគ្នា អាចប៉ះពាល់ដល់សរសៃឈាម និងផ្នែកតូចៗក្នុងតម្រងនោមដែលមានតួនាទីចម្រោះឈាម។ ទម្លាប់ទី២ គឺមិនទៅពិនិត្យតម្រងនោម ទោះមានកត្តាហានិភ័យ ដូចជា មានប្រវត្តិគ្រួសារ ឬធ្លាប់មានបញ្ហាតម្រងនោម ព្រោះជំងឺតម្រងនោមអាចវិវត្តដោយស្ងាត់ៗ។
ទម្លាប់ទី៣ គឺទប់នោមជាប្រចាំ ដែលអាចបង្កើនហានិភ័យឆ្លងមេរោគផ្លូវទឹកនោម ហើយក្នុងករណីខ្លះអាចរាលដាលដល់តម្រងនោម។ ទម្លាប់ទី៤ គឺមិនផឹកទឹកគ្រប់គ្រាន់ ដែលអាចធ្វើឱ្យទឹកនោមខាប់ និងបង្កើនហានិភ័យក្រួសតម្រងនោមចំពោះមនុស្សមួយចំនួន ខណៈការខ្វះទឹកធ្ងន់ធ្ងរក៏អាចប៉ះពាល់ដល់ការធ្វើការរបស់តម្រងនោមបាន។
ទម្លាប់ទី៥ គឺប្រើថ្នាំអង់ទីប៊ីយោទិចដោយខ្លួនឯង ព្រោះថ្នាំមួយចំនួនអាចប៉ះពាល់ដល់តម្រងនោម ប្រសិនបើប្រើមិនត្រឹមត្រូវ។ ទម្លាប់ទី៦ គឺញ៉ាំអាហារប្រៃ និងផ្អែមច្រើន ដូចជា សាច់កែច្នៃ មីកញ្ចប់ អាហាររហ័ស និងភេសជ្ជៈមានជាតិស្ករ ដែលអាចពាក់ព័ន្ធនឹងសម្ពាធឈាមខ្ពស់ ឡើងទម្ងន់ និងជំងឺទឹកនោមផ្អែម ដែលសុទ្ធតែជាកត្តាអាចប៉ះពាល់ដល់តម្រងនោម។
ដើម្បីថែសុខភាពតម្រងនោម គួរផឹកទឹកជាប្រចាំតាមតម្រូវការរបស់រាងកាយ កាត់បន្ថយអំបិល និងជាតិស្ករបន្ថែម ជ្រើសរើសអាហារស្រស់ និងគ្រប់គ្រងសម្ពាធឈាម និងជាតិស្ករក្នុងឈាមឱ្យបានល្អ។ កុំទប់នោម និងកុំប្រើថ្នាំដោយខ្លួនឯង។ ប្រសិនបើមានការហើមជើង ការប្រែប្រួលក្នុងការនោម ឬអស់កម្លាំងជាប់ៗគ្នា គួរទៅពិនិត្យសុខភាពឱ្យបានឆាប់៕
ចែករំលែកព័តមាននេះ