រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រកាសថា នឹងបង្ហោះសារសំឡេង នៃការប្រជុំមួយ ដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹក ទៅជួយគណបក្សខ្លួន ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមនៅយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ថា៖ «តាមពិត ខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេ ដូចម្តាយខ្ញុំប្រាប់ថា (បើឆ្កែខាំជើងយើង យើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេ ប្រជាជននឹងអាចភ័ន្តច្រឡំ។ តាំងពីជំនាន់ខ្ញុំ នៅធ្វើនាយករដ្ឋមន្ត្រី រហូតដល់ពេលនេះ ឱ្យតែរាជរដ្ឋាភិបាលដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មី ពួកឆ្កែក្រៅរបងផ្ទះប៉ុន្មានក្បាល តែងតែនិយាយថារាជរដ្ឋាភិបាលអស់លុយ ទើបបោះក្រដាសប្រាក់ថ្មី» ។
សម្តេចតេជោ បញ្ជាក់ថា៖ «ខ្ញុំគ្រាន់តែប្រាប់ថា សាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម ២.៥ពាន់លានដុល្លារទេ (ពីរពាន់ប្រាំរយលានដុល្លារ) ឯបៀវត្សរ៍ ១ខែ ចាយត្រឹម ២៣០លានដុល្លារក្នុង ១ខែទេ។ ចំណូល ៩ខែ មានជាង ៥ពាន់លានដុល្លារ ដែលជាមធ្យម ៥០០ ទៅ ៦០០លានដុល្លារ/ខែ ល្មមគ្រប់គ្រាន់ចំណាយ និងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារមិនឱ្យទាបជាង ២,៥០០លានដុល្លារឡើយ» ។
សម្តេចតេជោ បានបន្តថា៖ «សូមពួកនៅក្រៅស្រុកប្រញាប់យកលុយ ដែលប្រមូលបាននៅវត្តភ្នំសេរី មកជូនជនភៀសសឹក ដែលពេលនេះកំពុងរក្សាទុក ដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។ ខ្ញុំនឹងបង្ហោះសារសំឡេង នៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹក ទៅជួយគណបក្សនៅពេលក្រោយ។ ឲ្យពួកបោកប្រាស់ក្រៅស្រុកអើយ បើចេះ ត្រូវចេះឱ្យគេកោត តែបើឆោត គឺត្រូវឆោតឱ្យគេអាណិត» ។
សម្តេចតេជោ បន្តទៀតថា ៖ «បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរ គួរតែអបអរសាទរ ព្រោះរាជរដ្ឋាភិបាលនឹងឆាប់រលំ ឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកស្រមៃចង់បានរាល់ថ្ងៃ»៕

ចែករំលែកព័តមាននេះ