ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខនាយ ទាហាន ពលទាហាន នាយនគរបាល និងពលនគរបាល នៃកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងនគរបាលជាតិវរសេនាតូចការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហា និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារតំបន់អូរអាឡៃ ខេត្តស្ទឹងត្រែង ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយពិធីនេះ បានធ្វើឡើងរួមគ្នានៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៃយោធភូមិភាគទី១ ខេត្តព្រះវិហារ ។
លោក ឃួង ស្រេង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់កងកម្លាំងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែនទាំងអស់បានលះបង់សាច់ស្រស់ ឈាមស្រស់ដោយយកទ្រូងទៅធ្វើជាខែលការពារជាតិ និងប្រជាជន ពីចោរឈ្លានពាន ជាពិសេស គឺការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងថែរក្សាការពារនូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលសម្រេចបានដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី តាមរយៈការអនុវត្តប្រកបដោយភាពជោគជ័យ នូវនយោបាយឈ្នះ ឈ្នះ ។
លោក ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងជួរមុខទាំងអស់ ចំពោះភាពអត់ធ្មត់ខ្ពស់បំផុត គោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល បើទោះបីមានការញុះញង់ អុចអាល និងចង់បង្កសង្គ្រាមពីចោរឈ្លានពានយ៉ាងណាក្តី ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ បានមានប្រសាសន៍ថា ៖ ការចុះសួរសុខទុក្ខ និងផ្តល់អំណោយ នាពេលនេះ ពិតជាបានឆ្លុះបញ្ចាំង និងសបញ្ជាក់យ៉ាងច្បាស់ នូវអត្ថន័យយ៉ាងធំធេង ពីការរួមសុខរួមទុក្ខការយកចិត្តទុកដាក់ ការគិតគូរពីសុខទុក្ខការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ក្នុងស្មារតីស្នេហាជាតិ “ខ្មែរតែមួយ” ។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ក៏បានលើកឡើងពីស្ថានភាពទូទៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនផងដែរ ៕







ចែករំលែកព័តមាននេះ