ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ឈើ​ចម្រុះ​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​ចែក​សម្រាប់​ដាំ​ដុះ​ក្នុង​សង្កាត់​ចំនួន​១០ នៅ​ខណ្ឌទួលគោក

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ កូន​ឈើ​ចម្រុះ​មុខជា​ច្រើន​ប្រភេទ ប្រមាណ ១​ពាន់​ដើម ត្រូវ​បាន​ចែក​សម្រាប់​ធ្វើការ​ដាំ​ដុះ​ក្នុង​សង្កាត់​ចំនួន​១០ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នេះ​បើ​តាម​លោក យ៉ិ​ន ទៀង​ពុទ្ធិ​រិ​ទ្ធ អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌទួលគោក និង​ជា​ប្រធាន​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គ​៧៨​ ។

លើក​ឡើង​ក្នុង​ពិធី​ដាំ​ដើមឈើ និង​ចែក​កូន​ឈើ ក្រោម​ប្រធានបទ «​រួម​គ្នា​ដាំ​ដើមឈើ រួម​គ្នា​ការពារ​បរិស្ថាន​» ក្នុង​បរិវេណ​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៦ លោក​បាន​ថ្លែង​ថា លោក​ពិតជា​មាន​សេចក្តី​សោមនស្ស​យ៉ាង​ក្រៃ​លែង ដែល​ទទួល​បានការ​អនុញ្ញាត​ពី​បណ្ឌិត ឱម យ៉ិ​ន​ទៀង ទេស​រដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ខណ្ឌទួលគោក ដើម្បី​មក​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ដាំ​ដើមឈើ និង​ចែក​កូន​ឈើ ក្រោម​ប្រធានបទ «​រួម​គ្នា​ដាំ​ដើមឈើ រួម​គ្នា​ការពារ​បរិស្ថាន​» ដើម្បី​រក្សា​ស្មារតី «​រុក្ខទិវា ៩ កក្កដា​» នៅ​ក្នុង​បរិវេណ​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី ស្ថិត​ក្នុងភូមិ​១ សង្កាត់​បឹង​សាឡា​ង នា​ពេល​នេះ​ ។

លោក​លើក​ឡើង​ថា ចំពោះ​ការ​រៀបចំ​ពិធី​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង លោក​សូម​ថ្លែងអំណរគុណ​ជា​អនេក​ចំពោះ​វត្តមាន​របស់​លោក លោកស្រី អស់លោក លោកស្រី អ្នក​នាង​កញ្ញា លោកគ្រូ អ្នកគ្រូ ក្មួយ​ៗ​សិស្សានុសិស្ស បងប្អូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នេះ​ ។

លោក​បាន​លើក​ឡើង​ទៀត​ថា​ ៖ «​ពិធី​ដាំ​ដើមឈើ និង​ចែក​កូន​ឈើ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ពេល​នេះ គឺ​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ និង​មាន​សារៈសំខាន់​បំផុត ​សម្រាប់​សង្គម​ជាតិ ដោយ​យើង​ទាំងអស់​គ្នា​ បាន​និង​កំពុង​បំពេញ​កាតព្វកិច្ច​ជូន​ជាតិ​មាតុភូមិ ស្រប​ទៅ​នឹង​គោលនយោបាយ​វិស័យ​ព្រៃឈើ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​បញ្ញត្តិ​ក្នុង​ច្បាប់ ​ស្តី​ពី​ព្រៃឈើ​ឆ្នាំ​២០០២ ថា “​ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់​មាន​ករណីយកិច្ច​ចូលរួម​ដាំ​ដើមឈើ​” ដែល​ជា​ការ​រួមចំណែក​ដ៏​ប្រពៃ​ក្នុង​ការ​បង្កើន​គម្រប​បៃតង ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សោភ័ណ​ភាព ទេសភាព​ធម្មជាតិ និង​ផលិត​អុក​ស៊ី​សែន រួម​ទាំង​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។ ជា​ពិសេស​ព្រៃឈើ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​កសិកម្ម សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និង​ជា​កំផែង​ការពារ​គ្រោះ​ធម្មជាតិ​ដ៏​រឹង​មាំ​ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ​» ​។

លោក យ៉ិ​ន ទៀង​ពុទ្ធិ​រិ​ទ្ធ បាន​បន្ថែម​ថា តាម​រយៈ​ការ​ចូលរួម​ក្នុង​កម្មវិធី​ដាំ​ដើមឈើ​ក្នុង​ពេល​នេះ មិន​ត្រឹមតែ​ជា​ការ​ចូលរួម​ស្តារ​ឡើង​វិញ​នូវ​គម្រប​ព្រៃឈើ និង​ការពារ​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​បណ្តុះ​ស្មារតី​ស្រឡាញ់​ជាតិ បន្ត​រក្សា និង​ដាំ​ដុះ​នូវ «​គ្រាប់ពូជ​នៃ​សន្តិភាព​» សម្រាប់​អនាគត​កូនចៅ​ជំនាន់​ក្រោយ​។ ដើមឈើ​ដែល​យើង​ដាំ​ថ្ងៃនេះ នឹង​លូតលាស់​ធំធាត់​ដូច​គ្នា​តៅ​នឹង​សន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ដែល​ត្រូវការ​ថែទាំ និង​ការពារ​ពី​យើង​ទាំងអស់​គ្នា​។

លោក​បាន​លើក​ឡើង​ទៀត​ថា ដោយ​មើលឃើញ​ពី​គុណ​តម្លៃ​ដ៏​ច្រើន​ឥត​គណនា ដែល​ព្រៃឈើ​បាន​ផ្តល់​ឱ្យ​សង្គម​ជាតិ​ដូច​បាន​រៀបរាប់​ជូន​ខាងលើ រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​មុន​ៗ​បាន​ដាក់​ឱ្យ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ជា​ពិសេស​កម្មវិធី​ព្រៃឈើ​ជាតិ​ឆ្នាំ​២០១០-២០២៩ ហើយ​កំពុង​ត្រូវ​បាន​បន្ត​អនុវត្ត​យ៉ាង​មុតមាំ​មក​ដល់​បច្ចុប្បន្ន​ ។

លោក​បាន​បន្ថែម​ថា ដោយឡែក​ក្នុង​ការ​ពង្រឹង​ការ​គ្រប់គ្រង អភិវឌ្ឍន៍ និង​អភិរក្ស​ធនធានធម្មជាតិ ជា​ពិសេស​ព្រៃឈើ ទឹក ដី និង​សត្វព្រៃ គឺជា​ការងារ​អាទិភាព​ចម្បង​មួយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១​។ កម្ពុជា​គឺជា​ប្រទេស​ឈានមុខ​គេ​មួយ​នៅ​ក្នុង​តំបន់ និង​ពិភពលោក ដែល​បាន​ដាក់​តំបន់​ព្រៃឈើ​ទំហំ​ជាង ៤០% នៃ​ផ្ទៃ​ប្រទេស ជា​តំបន់ការពារធម្មជាតិ និង​បន្ត​ជំរុញ​ការ​ដាំ​ស្តារ​ព្រៃឈើ​ឡើង​វិញ​។

យោង​តាម​របាយការណ៍​របស់​លោក​អភិបាលរង​ខណ្ឌទួលគោក និង​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​ក្រុមការងារ ស​.​ស​.​យ​.​ក វិស័យ​កសិកម្ម សម្រាប់​ពិធី​ដាំ​ដើមឈើ និង​ចែក​កូន​ឈើ ក្នុង​បរិវេណ​ប្រារព្ធ​ពិធី​នា​ពេល​នេះ គឺ​មានការ​ដាំ​ដើមឈើ ៣៨​ដើម (​នាងនួន ៣០​ដើម​, ធ្នង់ ៨​ដើម​) និង​បាន​ដាំ​ដើមឈើ​ចំនួន ៨៩៣​ដើម ផ្សេង​ទៀត​នៅ​ក្រៅ​ទីតាំង​ប្រារព្ធ​ពិធី ដូច​ជា ឧទ្យាន គ្រឹះស្ថានសិក្សា វត្ត​អារាម និង​ទីតាំង​សាធារណៈ ​។

សូម​ជម្រាប​ថា កូន​ឈើ​ចម្រុះ​ប្រភេទ​ចំនួន ៥០០​ដើម បែងចែក​ជា ៨​ប្រភេទ (​រួម​មាន​៖ ព្រីង​, គគីរ​, ឈើទាល​, ធ្នង់​, ច្រេស​, បេង​, កណ្តឹង​មាស និង​អង្គា​បុស្ស​) បាន​ត្រៀម​ទុក​សម្រាប់​ចែក​ជូន​តំណាង​រដ្ឋបាល​ខណ្ឌ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​យក​ទៅ​ដាំ​នៅ​តាម​ទី​វត្ត​អារាម ដងផ្លូវ​សាធារណៈ និង​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​ផង​ដែរ ៕