សហរដ្ឋអាមេរិក ៖ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ APTA TRANSform & EXPO 2026 នាទីក្រុងឈីកាហ្គោ (Chicago) សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៦ ខែតុលា ក្រុមហ៊ុន VinFast បានប្រកាសពីផែនការនាំយករថយន្តក្រុងអគ្គិសនីរបស់ខ្លួនចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក តាមរយៈដៃគូសហការក្នុងស្រុកគឺក្រុមហ៊ុន NexMove។
ប្រភពពីសារព័ត៌មាន Vietnam Express (VnExpress) បានរាយការណ៍ថា VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាមបានបញ្ជាក់ថា រថយន្តក្រុងអគ្គិសនីដំបូងបង្អស់របស់ខ្លួន រំពឹងថានឹងចាប់ផ្តើមប្រគល់ជូនអតិថិជននៅសហរដ្ឋអាមេរិក នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៨។
ផ្អែកតាមកិច្ចព្រមព្រៀង ក្រុមហ៊ុន NexMove (ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Transportation Management Service និងក្រុមហ៊ុន Zeem Solutions) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងផ្តល់សេវាកម្មរថយន្តក្រុងអគ្គិសនីនៅសហរដ្ឋអាមេរិក នឹងផ្តល់ជូនរថយន្តក្រុងអគ្គិសនីរបស់ VinFast ដល់ក្រុមហ៊ុនដឹកជញ្ជូននានា ក្រោមគំរូសេវាកម្មដ៏ទូលំទូលាយ ដែលរួមបញ្ចូលទាំងរថយន្ត ប្រព័ន្ធសាកថ្ម ការថែទាំ និងប្រតិបត្តិការ។
វិធីសាស្ត្រនេះ ត្រូវបានរំពឹងថា នឹងជួយឱ្យម្ចាស់អាជីវកម្មអាចផ្លាស់ប្តូរមកប្រើរថយន្តក្រុងអគ្គិសនី VinFast ជាបណ្តើរៗ ដោយពុំចាំបាច់បង្កើតប្រព័ន្ធប្រតិបត្តិការទាំងមូលឡើងវិញពីចំណុចសូន្យឡើយ ដែលធានាថា ដំណើរការត្រូវបានគ្រប់គ្រងបានយ៉ាងល្អ។
មុនពេលដាក់ដំណើរការរថយន្តក្រុងអគ្គិសនីរបស់ VinFast ជាផ្លូវការ NexMove នឹងដាក់បង្ហាញរថយន្តគំរូជាមុនសិន តាមបណ្តាស្ថានីយសាកថាមពលយានយន្តអគ្គិសនីរបស់ក្រុមហ៊ុន Zeem ដើម្បីឱ្យប្រតិបត្តិករគ្រប់គ្រងរថយន្តអគ្គិសនី និងទីភ្នាក់ងារដឹកជញ្ជូនសាធារណៈនានារបស់សហរដ្ឋអាមេរិក ទទួលបានបទពិសោធន៍ផ្ទាល់ និងវាយតម្លៃលើរថយន្តទាំងនោះ។ ក្រុមហ៊ុនបានឱ្យដឹងថា រថយន្តក្រុងអគ្គិសនីទាំងនោះ បានបញ្ចប់ដំណើរការទទួលបានវិញ្ញាបនបត្រអនុញ្ញាត ដោយបំពេញតាមតម្រូវការសម្រាប់ការប្រតិបត្តិការ និងត្រូវបានរំពឹងថានឹងចាប់ផ្តើមប្រគល់ជូនអតិថិជន ចាប់ពីឆ្នាំ ២០២៨ តទៅ។
លក្ខណៈពិសេសនៃម៉ូដែលរថយន្តក្រុងអគ្គិសនីរបស់ VinFast គឺប្រើប្រាស់ថ្ម LFP មានសមត្ថភាពសាកថ្មលឿន ការពារច្រេះ និងមានប្រព័ន្ធសុវត្ថិភាពកាមេរ៉ា AI ព្រមទាំងរ៉ាដាដើម្បីស្វែងរកស្ថានភាពផ្សេងៗ។
ក្រុមហ៊ុនបានឱ្យដឹងថា បច្ចុប្បន្នមានរថយន្តក្រុងអគ្គិសនី VinFast ប្រហែល ២ ០០០ គ្រឿង កំពុងដំណើរការក្នុងប្រទេសវៀតណាមក្នុងទីក្រុងធំៗជាច្រើន។
ទន្ទឹមនឹងទីផ្សារអាស៊ីអាគ្នេយ៍ VinFast កំពុងពង្រីកប្រតិបត្តិការរថយន្តក្រុងអគ្គិសនីរបស់ខ្លួនក្នុងតំបន់អឺរ៉ុប ដោយមានបណ្តាញចែកចាយក្នុងទីផ្សារសំខាន់ៗ។ ការណែនាំរថយន្តក្រុងអគ្គិសនីទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បន្ថែមទៀតនេះ គឺដើម្បីពង្រីកប្រព័ន្ធអេកូឡូស៊ីដឹកជញ្ជូនបៃតងរបស់ VinFast រួមផ្សំគោលនយោបាយធានា និងការជួលដែលអាចបត់បែនបាន ក៏ដូចជាបណ្តាញលក់ដែលកំពុងរីកចម្រើន៕


ចែករំលែកព័តមាននេះ