ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AOT​ ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​តំបន់​ច្រក​អាន​សេះ ខេត្តព្រះវិហារ

1 ថ្ងៃ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ​ ៖ ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (AS​EAN Observer Team – Cambodia: AOT-KH)​ បាន​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយ​ការ​ណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​តំបន់​ច្រក​អានសេះ ស្ថិត​នៅ​ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិ​ហារ ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ពុធ ទី​៧ ខែតុលា ឆ្នាំ​២០ ២៦ វេលា​ម៉ោង​១០និង២៤​នាទី​ព្រឹក ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស​ម្រ​ប​សម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយ​កា​រណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​តំបន់​ច្រក​អានសេះ ស្ថិត​នៅ​ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

ចាប់តាំងពី​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​ កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​មក យោធា​ថៃ​បាន​នឹង​កំពុង​បន្ត​ធ្វើ​ស​កម្ម​ភាព​ដាក់​ពង្រាយ​ទូ​កុងតឺន័រ រាយ​បន្លា​លួស ជីក​ប្រឡាយ ធ្វើ​លេណដ្ឋាន បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​ការ​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ ​នៅ​តំបន់​ច្រក​អានសេះ សកម្មភាព​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់​កម្ពុជា​ចំនួន​១,១១៤​នាក់ ស្មើនឹង​៣៥៧​គ្រួសារ (​ស្ត្រី ៧១១​​នាក់​) និង​កុមារ​ចំនួន​៥៩៧​នាក់ មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​ពួក​គេ​វិញ​បាន​នៅឡើយ​ ។

សូម​គូសបញ្ជាក់​ថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូ​ចិ​ន​-​សៀម ដោយ​គោរព​គោល​ការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា​សន្ធិសញ្ញា​បារាំង​- សៀម​ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក ​។ កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ​ ។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា​ នៅ​តែ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​ ៕