រន្ទះបា.ញ់លើកទី១ ម្ចាស់កំពុងដេក លុះ១ម៉ោងក្រោយ រន្ទះបា.ញ់ម្ដងទៀត របើកក្បឿងជ្រុះរប៉ាត់រប៉ាយ និងឆេះផ្ទះ ផ្អើលភូមិ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ ហើយផ្លេកបន្ទោរខ្វាត់ខ្វែងលើអាកាសមើលទៅគួរឱ្យខ្លាច មិនបានប៉ុន្មានផងស្រាប់តែមានបាតុភូតធម្មជាតិរន្ទះបាញ់មកលើផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង នៅឃុំជើងព្រៃ ស្រុកបាធាយ បង្កឱ្យមានអគ្គិភ័យបានឆាបឆេះឡើងតែម្តង សំណាងល្អត្រូវបានអ្នកភូមិផងរបងជាមួយនាំគ្នាជួយពន្លត់ទាន់។
លោកវរៈសេនីយ៍ឯកសំ ណាល់ អធិការនគរបាលស្រុកបាធាយ បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះថា លំនៅដ្ឋានរបស់ពលរដ្ឋដែលបានរងគ្រោះដោយរន្ទះបាញ់នោះគឺបានកើតឡើងនៅវេលាម៉ោង១២និង១៦នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៦ តុលា ឆ្នាំ២០២៦ ដោយបានបាញ់មកចំផ្ទះរបស់ឈ្មោះ ហួ គីនីន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិប្រសូត្រ(ក) ឃុំជើងព្រៃ ស្រុកបាធាយ ។ ផ្ទះកើតហេតុមានទំហំ៦ម៉ែត្រ×១០ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដារ រៀបបន្ទប់ថ្មក្រោម។
អធិការនគរបាលស្រុកបាធាយបានបន្តឲ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុ គឺមេឃខ្មៅងងឹត បន្ទាប់មកស្រាប់តែមានភ្លៀងធ្លាក់ខ្លាំងនៅឃុំជើងព្រៃ គ្រានោះមានរន្ទះបាញ់លើកទីមួយ ខណៈម្ចាស់កំពុងតែដេកនៅបន្ទប់ក្រោម ហើយប្រហែលមួយម៉ោងក្រោយមករន្ទះបានបាញ់ម្ដងទៀតចំផ្នែកខាងក្រោយ បណ្ដាលឱ្យរបើកក្បឿងជ្រុះរប៉ាត់រប៉ាយមកលើដី ហើយភ្លើងបានឆាបឆេះឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិផងនៅក្បែរនោះ បាននាំគ្នាជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើពេលជាងកន្លះម៉ោង រួមផ្សំទាំងទឹកភ្លៀងខ្លាំងផង ជាហេតុធ្វើឲ្យភ្លើងដែលឆេះដោយគ្រាប់រន្ទះនោះបានរលត់ទៅវិញ ដោយខូចខាតផ្ទះផ្នែកខាងក្រោយប្រហែល៣០% តែមិនមានសមាជិកណាម្នាក់រងរបួសឡើយ។
សម្ភារៈខូចខាតរួមមាន ឆេះដំបូលលើផ្នែកខាងក្រោយមួយជ្រុង និងទូឈើដាក់ខោអាវ១ ព្រមទាំងខោអាវមួយចំនួន។
សមត្ថកិច្ចមូលដ្ឋានមានការភ្ញាក់ផ្អើល និងលើកឡើងថា ហេតុការណ៍គ្រោះធម្មជាតិរន្ទះភ្លើងបាញ់ចំផ្ទះពលរដ្ឋបង្កើតបានជាអគ្គិភ័យបែបនេះពុំធ្លាប់មានទេ នាពេលកន្លងមក នៅក្នុងទឹកដីឃុំជើងព្រៃ ស្រុកបាធាយ ៕






ចែករំលែកព័តមាននេះ