ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​ទូក​ស្មាច់ បាត់​ខ្លួន​លោក​មេ​ភូមិ​ម្នាក់ ពេល​ជិះ​ទៅ​ជួប​ក្រុមការងារ​ចុះ​ពិនិត្យ​ពលរដ្ឋ​ជួប​គ្រោះ​ទឹកជំនន់

3 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ និង​ក្រុម​សមត្ថកិច្ច​រាប់​សិប​នាក់​បាន​និង​កំពុង​ស្វះស្វែង​រុករក​លោក​មេ​ភូមិ​ម្នាក់ ដែល​បាត់​ខ្លួន​ក្នុង​ទឹក​កំពុង​ហូរ​ខ្លាំង ដោយសារ​ក្រឡាប់​ទូក​ស្មាច់​ដែល​គាត់ និង​សហការី​ប៉ុន្មាន​នាក់​ទៀត ជិះ​ទៅ​ជួប​ក្រុម​កា​ងារ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​ទឹកជំនន់ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ តុលា ដែល​គោលដៅ​ជួបជុំ​គ្នា​នៅ​ក្នុង​វត្ត​ត្រស់ ស្ថិត​ក្នុងភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ។

អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ផ្ដល់​ព័ត៌មាន​បឋម​ថា លោក ញ៉ូ​ង រឿ​ន អាយុ​៧៥​ឆ្នាំ មេ​ភូមិ​ត្រាង ឃុំ​អូរ​តា​គី និង​សហការី​របស់​គាត់​ចំនួន​០៤​នាក់​ទៀត បាន​ជួប​ឧប្បតិហេតុ​ខាងលើ​នេះ នៅ​ម៉ោង​ប្រហែល​៨​ព្រឹក​ថ្ងៃ​ទី​០៧ តុលា នៅ​ពេល​គាត់​ជិះទូក​ស្មាច់​តាម​ដងអូរ ដែល​ទឹក​កំពុង​ហូរ​ខ្លាំង ទៅ​ដល់​ចំណុច​ខាងក្រោយ​«​វត្ត​ត្រស់​»​ទៅហើយ ។ បើ​គិត​ត្រឹម​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ អស់​រយៈពេល​ជិត​០៥​ម៉ោង​ហើយ ក្រុម​អ្នករុករក​នៅ​តែ​រក​មិន​ទាន់​ឃើញ​លោក​មេ​ភូមិ​នៅឡើយ
​ទេ ។

លោក សេង លុ​ច បាន​ប្រាប់​ថា លោក​មេ​ភូមិ​ត្រាង និង​សហការី​របស់​លោក​ប៉ុន្មាន​នាក់​ទៀត បាន​ជិះទូក​ស្មាច់​ចុះ​ទៅ​ជួប​ក្រុមការងារ​ថ្នាក់​ជាតិ ដែល​ជួបជុំ​គ្នា​នៅ​ក្នុង «​វត្ត​ត្រស់​» ដើម្បី​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​ពេល​ធ្វើ​ដំណើរ​តាម​ដងអូរ ដែល​មាន​ខ្សែទឹក​កំពុង​ហូរ​កួច​ខ្លាំង​នៅ​ក្បែរ​ស្ពាន​ខាងក្រោយ​វត្ត ក៏​ត្រូវ​ទឹក​កួច​ទូក​ក្រឡាប់​តែ​ម្ដង ។

លោក​ថា ពេល​នោះ អ្នក​រួម​ដំណើរ​០៤​នាក់​បាន​ព្យាយាម​ស្រ​វេ​ស្រ​វ៉ា​តោង​ទូក​ជាប់ ហើយ​ត្រូវ​បាន​គេ​ជួ​យស​ង្ក្រោះ​ទាន់ លើក​លេង​តែ​លោក​មេ​ភូមិ​ម្នាក់ ដែល​មាន​វ័យ​ចំណាស់​ផង ស្រ​វ៉ា​តោង​ទូក​មិន​ជាប់ ក៏​ត្រូវ​កម្លាំង​ទឹក​ហូរ​កួច​ពន្លិច​បាត់​ខ្លួន​ភ្លាម​ៗ បើជា​ភ្លាម​ៗ​នោះ ក្រុម​ជួយ​សង្គ្រោះ​បាន​ប្រឹងប្រែង​ស្រ​វ៉ា​រាវរក​គាត់ ក៏​មិនឃើញ​ដែរ ។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ជំនន់​ទឹកភ្លៀង​បាន​លិចលង់​ខ្លាំង​ស្ទើរ​ទូ​ទាំង​ខេត្តបាត់ដំបង កាលពី​ចុងខែ​កញ្ញា រហូត​មក​ទល់​នឹង​ពេល​នេះ នៅ​ស្រុក​ថ្មគោល ជំនន់​ទឹកភ្លៀង​បាន​ឆក់​យក​ជីវិត​មនុស្ស​កើនឡើង​ដល់​ចំនួន​០៥​នាក់​ហើយ បើសិនជា​លោក​មេ​ភូមិ​ត្រាង ដែល​មាន​វ័យ​៧៥​ឆ្នាំ ត្រូវ​បាត់បង់​ជីវិត​ម្នាក់​ទៀត​ក្នុង​ពេល​នេះ ។

លោក សេង លុ​ច បាន​ប្រាប់​ថា សន្ទុះ​ទឹក​នៅ​ក្នុង​ដងអូរ​ខាងក្រោយ​វត្ត​ត្រស់ នៅ​តែ​ហូរកួច​ខ្លាំង​នៅឡើយ ជា​ពិសេស ត្រង់​ចំណុច​ក្បែរ​ស្ពាន ដែល​លោក​មេ​ភូមិ និង​ក្រុមការងារ​របស់​គាត់​ជួប​ឧប្បតិហេតុ ។ ពេល​នេះ ទាំង​កម្លាំង​សមត្ថកិច្ច ទាំង​កម្លាំង​ប្រជាពលរដ្ឋ​រាប់​សិប​នាក់​បាន​និង​កំពុង​ប្រឹងប្រែង​ចុះ​ទឹក​រុករក​លោក​មេ​ភូមិ​ត្រាង ប៉ុន្តែ​នៅ​មិន​ទាន់​មាន​តម្រុយ​នៅឡើយ​ទេ ៕