ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិលេខ៦ឱ្យតែមានភ្លៀង គឺផ្លូវរអិលដូចខ្លាញ់

1 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​វេលា​ម៉ោង​ប្រមា​ណ​៦​ព្រឹក ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៦​ កន្លងទៅ មាន​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​ដឹក​ត្រី​ពី​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ទៅ​លក់​នៅ​ខេត្ត​បន្ទាយមាន​ជ័យ និង​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ​១​គ្រឿង ​ដឹក​ភ្ញៀវ​ជាង​១០​នាក់ បាន​ក្រឡាប់​ធ្លាក់​ស្រែ​ទាំង​២​គ្រឿង និង​មាន​ចម្ងាយ​ពី​គ្នា​ប្រហែល​១០០​ម៉ែត្រ តាម​លើ​ផ្លូវជាតិ​លេខ​៦ ជិត​សាលាឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ។ ប៉ុន្តែហេតុការណ៍នេះ​ មិន​បណ្ដាល​ឲ្យ​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​ទាំង​២គ្រឿង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ គ្រាន់តែ​ខូចខាត​រថយន្ត​ទាំង​២​គ្រឿង ដោយសារ​អ្នកបើកបរ​មិន​មានការ​ប្រុង​ប្រយ័ត្ន ។ 

ក្រោយ​ពី​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​បង្ហោះ​លើ​ផេ​ក​ផ្ទាល់ខ្លួន​របស់​អ្នកឧកញ៉ា ពេល​នោះ​ លោក​វរសេនីយ៍ទោ សោម វី​រៈ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តបានឱ្យ​ដឹង​បន្ថែម​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២៦​ថា ដោយសារ​ស្ថានភាព​ផ្លូវជាតិ​លេខ​៦ ពី​ខេត្តសៀមរាប​ទៅ​ខេត្តបន្ទាយ​មាន​ជ័យ មានការ​ខូចខាត​មួយ​កំណាត់ ។ ដូច្នេះ លោក​ស្នើ​សុំ​ឱ្យ​ជំនាញ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត ចុះ​ពិនិត្យ​ផ្លូវថ្នល់ និង​ជួយ​ពិនិត្យ​រក​ដំណោះស្រាយ ពីព្រោះ​ជា​រឿយ​ៗ ឱ្យតែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង គឺ​កំណាត់​ផ្លូវជាតិ​លេខ​៦ តែងតែមាន​សភាព​រអិល ដែល​ហាក់​មាន​បញ្ហា​ស្ថាបនា​ខុស​បច្ចេកទេស ។

លោកនាយ​ការិយាល័យបាន​ចែករំលែក​បន្ត​អម​ដោយ​សំ​ណេ​រថា «​ជា​រឿយ​ៗ ឱ្យ​តែ​មេឃ​ភ្លៀង​ គឺ​មានការ​រអិល​នៅ​លើ​កំណាត់​ផ្លូវ​នេះ ហាក់​មាន​បញ្ហា​បច្ចេកទេស​ផ្លូវ ដូច្នេះ​ស្នើ​សុំ​ជំនាញ​ផ្លូវថ្នល់​ជួយ​ពិនិត្យ និង​រក​ដំណោះស្រាយ​បន្ថែម​ផង​» ។ សូម​បញ្ជាក់​ថា កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រឡាញ់ ឱ្យ​តែ​មាន​ភ្លៀង​គឺ​រអិលខ្លាំង សូម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជួយ​ពិនិត្យ ៕