ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី ៖ និស្សិតពេទ្យត្រូវគិតពីសមត្ថភាពចម្បង ដើម្បីធានាការផ្ដល់សេវាសុខាភិបាលប្រកបដោយសុវត្ថិភាព

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចំពោះ​និស្សិត ពេទ្យ និង​គ្រូពេទ្យ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​និស្សិត​ពេទ្យ​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃនេះ ត្រូវ​បន្ដ​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ជា​និច្ច ដើម្បី​ធានា​ថា​អាច​ផ្ដល់​សេវា​សុខាភិបាល​ប្រកបដោយ​វិជ្ជាជីវៈ និង​សុវត្ថិភាព ។

ការ​លើក​ឡើង​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​អបអរសាទរ​ខួប ៨០​ឆ្នាំ នៃ​ការ​បង្កើត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​សម្ពោធ​អគារសិក្សា​ថ្មី ចំនួន​២​ខ្នង ព្រមទាំង​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យ​លា​ភី នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែតុលា ឆ្នាំ​២០២៦ ។

សម្ដេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា ៖«​ប្អូន​ៗ​ត្រូវ​ចាំ​ថា សញ្ញាបត្រ​ដែល​ប្អូន​ៗ​ទទួល​បាន​នៅ​ថ្ងៃនេះ​មិនមែន​ជា​ចំណុច​បញ្ចប់​នៃ​ការ​រៀនសូត្រ​ទេ ប៉ុន្តែ​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត ។ ចាប់ពី​ថ្ងៃនេះ​តទៅ ប្អូន​ៗ​ត្រូវ​បន្ត​រៀន បន្ត​ស្រាវជ្រាវ និង​បន្ត​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ជា​និច្ច ដើម្បី​ធានា​ថា​ប្អូន​ៗ​អាច​ផ្ដល់​សេវា​សុខាភិបាល​ប្រកបដោយ​វិជ្ជាជីវៈ និង​សុវត្ថិភាព​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​តែងតែ​ខិតខំ​បំពេញបេសកកម្ម​ដ៏​ឧត្តម​ក្នុង​ការ​កសាង​ធនធានមនុស្ស​សុខាភិបាល​នៅ​កម្ពុជា ប្រកបដោយ​ជំនាញ​ច្បាស់លាស់ សីលធម៌​វិជ្ជាជីវៈ និង​មនុស្សធម៌ អស់​រយៈពេល​៨ ទសវត្សរ៍​កន្លង​មក​។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី​បាន​បន្ដ​ថា នៅ​ក្នុង​នោះ និស្សិត​ដែល​បាន​បញ្ចប់​ការ​បណ្ដុះបណ្ដាល​ដោយ​ជោគជ័យ​ពី​សាកលវិទ្យាល័យ​សរុប​ជាង​៣ ម៉ឺន​នាក់ ខណៈ​ដែល​និស្សិត​ទទួល​បានការ​ងារ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​មាន​រហូត​ទៅ​ដល់​ជាង ៩៦%៕