រាជធានីភ្នំពេញ ៖ បុរសជនជាតិបរទេស ២នាក់ឪពុកនឹងកូន បានជិះម៉ូតូធន់ធំមួយគ្រឿងបុករថយន្តសណ្តោងម៉ាស៊ីនបាញ់បេតុងកំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យដួលចូលក្រោមរថយន្តកិនកូនប្រុសស្លាប់យ៉ាងអាណោចអាធ័មនៅក្រោមរថយន្ត ចំណែកឪពុករងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ចំនុចស្តុបវិទ្យាល័យឥន្ទ្រទេវី ផ្លូវ៥៩៨ កែងផ្លូវ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះទាំង២នាក់ឪពុកកូនជាជនបរទេសខាងលើ ក៍ដូចជាអ្នកបើករថយន្ត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស៤នាក់រួមទាំងអ្នកបើកបររថយន្តប្រភេទកូរ៉េ ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E 2100 ដោយមានសណ្តោងម៉ាស៊ីនបាញ់បេតុងពីក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវឡើងទៅផ្លូវ១៨៥៨ គាប់ជួនពេលនោះ មានបុរសជាជនជាតិបរទេស បានជិះម៉ូតូធន់ធំមួយគ្រឿងម៉ាក pusha ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប1R 8140 មានឌុបកូនប្រុសម្នាក់វ័យប្រហែល១០ឆ្នាំ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ ក៍ជ្រុលទៅបុកចូលក្រោមរថយន្តដែលកំពុងបត់ បណ្ដាលឲ្យខ្ទាតម៉ូតូទៅកៀនផ្លូវ ចំណែកកូនប្រុស ត្រូវរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័មនៅក្រោមរថយន្ត ចំណែកបុរសជាឪពុករបួសដៃជើងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ ។ ដោយឡែកខាងរថយន្ត ភ្លាមៗអ្នកបើកបរ និងអ្នករួមដំណើរបានរត់គេចប្រហែល១០០ម៉ែត្រ ក៍ត្រូវពលរដ្ឋឃើញហេតុការណ៍ នាំគ្នាឃាត់អ្នកបើកបរ ប្រគល់អោយសមត្ថកិច្ចមូលដ្ឋាន ។
ក្រោយកើតហេតុ ក៍មានសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍បានចុះទៅកន្លែងកើតហេតុ និងវេចខ្ចប់សពក្មេងរងគ្រោះយកទៅរក្សាទុកនៅវត្ត រង់ចាំសាច់ញាតិមកទទួលយក ។ ចំណែករថយន្តនិងម៉ូតូរួមទាំងអ្នកបើកបរ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងបានធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំចាត់ការតាមនិតិវិធី ៕




ចែករំលែកព័តមាននេះ