ប្រទេសឡាវ៖ រដ្ឋាភិបាលឡាវកំពុងស្នើពង្រីកបញ្ជីគ្រឿងញៀនហាមឃាត់ និងសារធាតុគីមីដែលត្រូវគ្រប់គ្រង ដើម្បីបិទចន្លោះច្បាប់ និងទប់ស្កាត់សារធាតុញៀនប្រភេទថ្មីៗដែលមិនទាន់មានក្នុងបញ្ជីផ្លូវការ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានលើកសំណើនេះជូនរដ្ឋសភា ដោយបញ្ជាក់ថា អ្នកជួញដូរគ្រឿងញៀនកំពុងប្រើសារធាតុគីមី និងគ្រឿងញៀនបែបថ្មី ដែលមិនទាន់ស្ថិតក្រោមច្បាប់បច្ចុប្បន្ន។ ស្ថានភាពនេះធ្វើឱ្យការឃាត់ខ្លួន និងការកាត់ទោសករណីពាក់ព័ន្ធកាន់តែពិបាក។
តាមសំណើ នឹងបង្កើតបញ្ជីចំនួន ២ គឺ បញ្ជីគ្រឿងញៀនហាមឃាត់ និងបញ្ជីសារធាតុគីមីដែលត្រូវគ្រប់គ្រង ដើម្បីផ្តល់មូលដ្ឋានច្បាប់កាន់តែច្បាស់ដល់ប៉ូលិស ព្រះរាជអាជ្ញា និងតុលាការ ក្នុងការចាត់ការលើគ្រឿងញៀនដែលមានស្រាប់ និងសារធាតុថ្មីៗដែលអាចកើតមាននៅពេលអនាគត។
សំណើនេះកើតឡើងស្របពេលឡាវកំពុងបង្ក្រាបគ្រឿងញៀនយ៉ាងខ្លាំង។ កាលពីថ្ងៃទី១ ខែតុលា អាជ្ញាធររឹបអូសមេតំហ្វេតាមីនគ្រីស្តាល់ ៥២១គីឡូក្រាមនៅខេត្តហ្លួងព្រះបាង និងឃាត់ខ្លួនមនុស្ស ១៣នាក់ ខណៈនៅខេត្តបូលីខាំសៃក៏បានរឹបអូសថ្នាំមេតំហ្វេតាមីន ៨០ម៉ឺនគ្រាប់ ទម្ងន់ ៩៥គីឡូក្រាមផងដែរ៕
ចែករំលែកព័តមាននេះ