ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទ្រុង​ឃ្លុប​បើក​វ៉ា តែ​រថយន្ត​កុងតឺន័រ​មិន​ឲ្យ​វ៉ា ក៏​កាច់ចង្កូត​ងាក​មក​វិញ បុក​បង្គោល​ស្លាក​បង្ហាញ​ទិស​ខេត្ត​ខ្ទេច​មុខ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ទ្រុង​ឃ្លុប​ដឹក​អីវ៉ាន់ ១​គ្រឿង បាន​បើក​វ៉ា​ជែង​រថយន្ត​កុងតឺន័រ ១​គ្រឿង​ទៀត ប៉ុន្តែ​រថយន្ត​កុងតឺន័រ​នោះ ​មិន​ព្រម​ឲ្យ​វ៉ា​ឡើយ ហើយ​រថយន្ត​ទ្រុង​ឃ្លុប​ខាងលើ​ ក៏​បាន​កាច់ចង្កូត​ងាក​ចេញ​មក​វិញ​។ ខណៈនោះ​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ស្លាក​បង្ហាញ​ទិស​ដៅ​ផ្លូវ​ទៅ​កាន់​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និង​អាកាសយានដ្ឋាន បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ខ្ទេច​មុខ ហើយ​គាប​ជាប់​ជាមួយ​បង្គោល​ស្លាក​នោះ​តែ​ម្តង ប៉ុន្តែ​មិន​បាន​បង្ក​ឲ្យ​អ្នកបើកបរ​រង​របួស​ឡើយ​ ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង០៩និង៤០​នាទី​ព្រឹកថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៦ នៅ​ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​មហាវិថី ស៊ី ជី​ន​ពីង ត្រើយ​ខាងត្បូង ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

រថយន្ត​ទ្រុង​ឃ្លុប​ដឹក​អីវ៉ាន់ ១​គ្រឿង ​ខាងលើ​នោះ ម៉ាក ហ៊ី​យ៉ុ​ន​ដាយ (Hyundai) ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ ស្វាយ​រៀង 3A-6381 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ ។

បុរស​អ្នកលក់​ទឹកអំពៅ​ម្នាក់ ​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ គាត់​បានឃើញ​រថយន្ត​ទ្រុង​ឃ្លុប​នោះ ​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​វ៉ា​ជែង​រថយន្ត​កុងតឺន័រ ១​គ្រឿង​ទៀត ​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​។ ប៉ុន្តែ​ពេល​នោះ រថយន្ត​កុងតឺន័រ​មិន​ព្រម​ឲ្យ​វ៉ា​ឡើយ ហើយ​រថយន្ត​ទ្រុង​ឃ្លុប​ក៏​ងាក​ចង្កូត​ចេញ​មក​វិញ ហើយ​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ស្លាក​បង្ហាញផ្លូវ​ទៅ​កាន់​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និង​ព្រ​លាន​យន្តហោះ​ពេញទំហឹង គាប​ជាប់​បង្គោល​ស្លាក​នោះ និង​រង​ការ​ខូចខាត​ខ្ទេច​មុខតែ​ម្តង​ ។

សមត្ថកិច្ច​ បាន​ប្រាប់​ថា នៅ​ក្នុង​ហេតុការណ៍​នេះ មិន​បាន​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ខាងលើ​រង​របួស​នោះ​ទេ ហើយ​បង្គោល​បង្ហាញ​ទិស​ដៅ​ផ្លូវ​ទៅ​ខេត្ត និង​អាកាសយានដ្ឋាន​នោះ បាន​រង​ការ​ខូចខាត ប៉ុន្តែ​មិន​បាន​ដួល​រលំ​ឡើយ​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍ និង​រាយការណ៍​ជូន​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​នាំ​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក រង់ចាំ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕