ប្រទេសវៀតណាម៖ រូបសំណាកថ្មភក់បុរាណមួយ ដែលត្រូវបានកំណត់ជាបឋមថាស្ថិតនៅសតវត្សទី៨ និងពាក់ព័ន្ធនឹងវប្បធម៌ចាម្ប៉ា ត្រូវបានរកឃើញក្នុងការជីកកកាយបុរាណវិទ្យានៅទីក្រុងដាណាំង ភាគកណ្តាលប្រទេសវៀតណាម។ វត្ថុបុរាណនេះស្ថិតក្នុងចំណោមវត្ថុចំនួន ៨៨មុខ ដែលត្រូវបានប្រគល់ជូនសារមន្ទីរដាណាំង ដើម្បីរក្សាទុក និងសិក្សាបន្ថែម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
ការជីកកកាយបានធ្វើឡើងរយៈពេល ៤៥ថ្ងៃ លើផ្ទៃដីប្រមាណ ៦០០ម៉ែត្រការ៉េ នៅបន្ទាយ Chon Sang និងស្ថានីយ Nam Chon ក្បែរភ្នំ Hai Van។ ក្រុមបុរាណវិទ្យាបានរកឃើញគ្រឿងស្មូន គ្រឿងសំណង់ និងវត្ថុធ្វើពីថ្មជាច្រើន ដែលអាចជួយសិក្សាអំពីប្រវត្តិ និងតម្លៃវប្បធម៌របស់តំបន់នេះ។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺរូបសំណាកថ្មភក់ដែលមានរូបមនុស្សអង្គុយសមាធិនៅផ្នែកខាងមុខ ខណៈផ្នែកខាងក្រោយអាចមានអក្សរចាម្ប៉ា ដែលត្រូវការការសិក្សាបន្ថែម។ អ្នកជំនាញបានវាយតម្លៃជាបឋមថា រូបសំណាកនេះស្ថិតនៅសតវត្សទី៨។
អាជ្ញាធរដាណាំងបានចាត់ទុកការរកឃើញនេះជាភស្តុតាងដ៏មានតម្លៃសម្រាប់ស្រាវជ្រាវបន្ថែមអំពីប្រវត្តិ និងវប្បធម៌របស់តំបន់ជើងភ្នំ Hai Van។ សារមន្ទីរដាណាំងនឹងសហការជាមួយអ្នកជំនាញ ដើម្បីសិក្សាវត្ថុបុរាណទាំងនេះ និងគ្រោងប្រើបច្ចេកវិទ្យា 3D និងការធ្វើឌីជីថល សម្រាប់រក្សាទុក និងរៀបចំតាំងបង្ហាញជូនសាធារណជន៕
ចែករំលែកព័តមាននេះ