ប្រទេសយេម៉ែន៖ ក្រុមហ៊ូធីនៅប្រទេសយេម៉ែនបានអះអាងថា ខ្លួនបានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ចំលើអាកាសយានដ្ឋានអន្តរជាតិ Abha នៅភាគនិរតីប្រទេសអារ៉ាប៊ីសាអូឌីតថ្ងៃនេះ ដោយអះអាងថា ការវាយប្រហារបានរំខានដល់ចរាចរណ៍ផ្លូវអាកាស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
អ្នកនាំពាក្យយោធាក្រុមហ៊ូធី បានអះអាងថា មីស៊ីលបានបាញ់ចំគោលដៅយ៉ាងជាក់លាក់។ ទោះជាយ៉ាងណា អាជ្ញាធរអារ៉ាប៊ីសាអូឌីតមិនទាន់បញ្ជាក់ជាផ្លូវការអំពីការវាយប្រហារលើអាកាសយានដ្ឋាន Abha នេះនៅឡើយទេ។
ជាមួយគ្នានេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលអារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ King Abdullah bin Abdulaziz នៅតំបន់ Jazan និងអាកាសយានដ្ឋានអន្តរជាតិ Najran ត្រូវបានវាយប្រហារដាច់ដោយឡែកកាលពីល្ងាចថ្ងៃទី៥ ខែតុលា បណ្តាលឱ្យមនុស្ស ៣នាក់រងរបួសស្រាល។
ការវាយប្រហារទាំងនេះកើតឡើង ខណៈភាពតានតឹងរវាងក្រុមហ៊ូធី និងអារ៉ាប៊ីសាអូឌីតកាន់តែខ្លាំងឡើង ដោយក្រុមហ៊ូធីបន្តប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើកវាយប្រហារគោលដៅនៅអារ៉ាប៊ីសាអូឌីត ខណៈទីក្រុងរីយ៉ាដបង្កើនការវាយប្រហារតាមអាកាសលើទីតាំងក្រុមហ៊ូធី ដើម្បីគាំទ្រកងកម្លាំងរដ្ឋាភិបាលយេម៉ែន៕
ចែករំលែកព័តមាននេះ